ភ្នំពេញៈ នៅវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ទទួលបានបទបញ្ជា ពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ឲ្យកម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ដោយបានឃាត់ខ្លួនជនប្រុសស្រី៤នាក់ ក្នុងនោះមានស្រី២នាក់ផង ។
មន្រី្តនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបាន្អប្រសើរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលនៅចំណុចខាងលើហោះយ បានឃាត់ខ្លួនជនអានាថាដែលនាំគ្នាពពាក់ពពូនប្រើប្រាស់គ្រឿងញៀន និងធ្លាប់មានករណីវាយប្លន់យកទ្រព្យសម្បតិ្តប្រជាពលរដ្ឋចំនួន៤នាក់។
បច្ចុប្បន្នជនប្រុសស្រីខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។
ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ន ដោយការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ ជាច្រើនក្នុងការ បើកយុទ្ធនាការទប់សង្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ គេសង្កេតឃើញថា ប៉ុន្មានរយៈក្រោយនេះបទល្មើសទាំងនេះបានមានការថយចុះគួរឲ្យកត់សម្គាល់៕ សហការី