ភ្នំពេញ៖ ក្មេងប្រុស២នាក់ បានរងរបួសរលាកពេញខ្លួន ហើយត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញចុះទៅជួយធ្វើអន្តរគមន៍ភ្លាមៗ ដោយយកញញួរវាយកម្ទេចជញ្ជាំងដើម្បីរំដោះក្មេងៗ ដែលត្រូវអគ្គិភ័យឆាប់ឆេះក្នុងផ្ទះជាន់ទី៤ ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះ ឈ្មោះ ផាន់ សារ៉េត នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបានបណ្តាលឲ្យក្មេងចំនួន២នាក់ រងរបួសធ្ងន់ ដោយរលាកភ្លើងផងដែរ ក្នុងនោះ ក្រុមការងារបានហៅរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងហេតុការណ៍នេះ គេឃើញ កម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអន្តរាគមន៍វាយទម្លុះជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីរំដោះក្មេងចំនួន ០២នាក់ ដែលជាប់នៅក្នុងផ្ទះកើតហេតុ បានដោយជោគជ័យ និងអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ ហើយអគ្គីភ័យបានរលត់នៅជាស្ថាពរ នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃដដែល ៕ ស តារា