ខេត្តពោធិ៍សាត់៖ បុរសវ័យ៧១ឆ្នាំម្នាក់រងរបួស ដោយសារសត្វជ្រូកព្រៃឆ្កឹះ ខណៈដែលគាត់ទៅចំការជម្រះស្មៅដំឡូងមី ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចអូររំចេក(ចំការដំឡូងមី) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសឈ្មោះ ប្រាក់ អាន ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
លោកបន្តថា ការដែលសត្វជ្រូកព្រៃវាយប្រហា(ខ្វេះ)ជនរងគ្រោះនេះ នៅគ្រាដែលជនរងគ្រោះបានដើរទៅចំការដំឡូងមីខាងក្រោយភូមិ ទៅជម្រះស្មៅ ស្រាប់តែសត្វជ្រូកព្រៃ ១ក្បាលមកដេញជនរងគ្រោះ រត់យកតែព្រះអាយូស ហើយទាក់ជើងដួលលើដី ត្រូវសត្វជ្រូកព្រៃ មកដល់ឆ្កឹះតែម្ដង។
លោក វរសេនីយ៍ទោ អធិការនគរបាលបន្តទៀតថា ជនរងគ្រោះរបួសចំនួន ៤កន្លែង ត្រគាកខាងឆ្វេង កំភួនជើងខាងឆ្វេង ដៃខាងឆ្វេង និងក្បាលផងដែរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរភ្លាមៗ៕ ប៉ឹម ពិន