ខេត្តប៉ៃលិន៖ នៅមន្ទីរកិច្ចការនារីខេត្តប៉ៃលិន មានការភ្ញាក់ផ្អើលកើតឡើងមួយ នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ពេលដែលបុរសម្នាក់ជាមន្ត្រីនៃមន្ទីរកិច្ចការនារី គាត់បានដាក់ម៉ូតូមួយគ្រឿងទុកនៅក្នុងមន្ទីររបស់ខ្លូន បាត់ទាំងព្រឹក, ដោយចោរ បានកាច់កម៉ូតូយកទៅដោយសុវត្ថិភាព ។
ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនដល់មន្ត្រីនៅជិតនោះ បានកើតឡើងនៅចំណុចក្នុងមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បួង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បុរសរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សែត សុធារ៉ា អាយុ៣៨ឆ្នាំ ជាមន្ត្រីខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមកបម្រើការងារជាមន្ត្រីនៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ។ ចំណែកម៉ូតូ ដែលចោកាច់កយកទៅម៉ាកC125 ពណ៌ខ្មៅ សេរី២០១៨ គ្មានស្លាកលេខ ទើបនិងសន្សំលុយទិញបានជាង១ខែ ។
តាមប្រភពព័ត៌មានពីមន្ត្រី នៃមន្ទីរកិច្ចនារីខេត្តប៉ៃលិន បានឲ្យដឹងថា៖ ជារៀងរាល់ជនរងគ្រោះ តែងតែជិៈម៉ូតូ ដែលមន្ទីរប្រគល់ឲ្យ មកធ្វើការរាល់ថ្ងៃ តែរយៈពេលជិតមួយខែនេះ ជនរងគ្រោះ បានធ្វើការសន្សំលុយ និងខ្ចីបុលគេ ទិញម៉ូតូមួយគ្រឿង សេរី២០១៨ មកទុកជារបស់ខ្លួន ។
ប្រភពព័ត៌មាន បានបន្តថា៖ ជនរងគ្រោះ ជាគ្រួសារ មានជីវភាពខ្វះខាតខ្លាំង ទម្រាំបានម៉ូតូមួយគ្រឿងនេះ គឺមានការសន្សំលុយរាប់ខែ ព្រមទាំងខ្ចីលុយគេ ដើម្បីទិញ ហើយមុនពេលកើតហេតុ គឺជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួន មកចតទុកនៅកន្លែងធ្វើការជាធម្មតា លុះជនរងគ្រោះ បានដើរចូលក្នុងបន្ទប់ធ្វើការ និងចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង ។
ប្រភពព័ត៌មាន បានបន្តទៀតថា៖ ក្រោយកើតហេតុ ក៏មានការឆោឡោ ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ដើម្បីស្រង់របាយការណ៍ និងស្រាវជ្រាវផងដែរ ។
គួររំលឹកផងដែរថា៖ ករណីចោលួចកាច់កម៉ូតូ បានកើតឡើងជាញឹកញាប់ នៅតាមមន្ទីរនានាៗក្នុងខេត្តប៉ៃលិន ដូចជា ចោរកាច់កម៉ូតូនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន, នៅសាលាខេត្តប៉ៃលិន ,នៅពន្ធដារខេត្ត , មន្ទីរផែនការខេត្ត, មន្ទីរសុខាភិបាលខេត្ត ,មន្ទីរបរិស្ថានខេត្ត ព្រមទាំងមន្ទីរកិច្ចការនារីខេត្ត ថ្ងៃនេះតែម្តង ។
បើតាមប្រភពពីមន្ត្រីរាជការខេត្តប៉ៃលិន បានលើកជាសំណូមពរ សុំឲ្យសមត្ថកិច្ចជំនាញ មេត្តាចាត់វិធានការចំពោះករណីនេះផងដែរ ព្រោះការបាត់ម៉ូតូ តាមមន្ទីរកន្លងមក គឺមិនឃើញមានជំនាញណាចាប់ចោរបាននោះទេ ហើយប្រការនេះ ត្រួវគេសង្ស័យថា អាចមានទីតាំងរក្សាទុក វត្ថុចោរកម្ម នៅក្នុងក្រុងប៉ៃលិន តែម្តង បានជាលួចក្នុងខេត្តសោះ បែរជាមិនមានជំនាញណារកឃើញគឺបាត់ឈឹងរហូត។
ហេតុការណ៍នេះ បងប្អូនដែលជាមន្ត្រីគ្រប់មន្ទីរក្នុងខេត្តក៏ដូចបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ត មានចោរបន្លំធ្វើជាមន្ត្រីចូលលួចម៉ូតូតាមមន្ទីរអស់៦គ្រឿងហើយ គិតពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខែមករា នេះ ៕ ស សារ៉េត