ភ្នំពេញ៖ តារាសម្តែងលោកភីម៉ៃ និងផលិតករ លោកហ៊ុយ យ៉ាឡេង ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងមួយរយៈចុងក្រោយនេះបន្ទាប់ពីTrailer ភាពយន្តរឿង”ធ្មប់”លេចការគាំទ្រខ្លាំង។ អ្វីដែលគេកត់សម្គាល់គឺតារាសម្តែងទាំងពីសុទ្ធតែនៅកំលោះចាស់ ហើយបានក្រាញននៀលក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំទោះរងសម្ពាធ និងជួបបញ្ហាប្រឈមជាច្រើនចំពោះមុខ។
កំលោះចាស់ទាំងពីររូបលើកឡើងថា នឹងយកជីវិតធ្វើជាដើមទុនដើម្បីបម្រើវិស័យសិល្បៈ ពិសេសបម្រើអារម្មណ៍ទស្សនិកជន។ ផលិតករ និងជាតារាសម្តែង លោក ហ៊ុយ យ៉ាងឡេង បានលើកឡើងដែរថា អស់រយៈពេលជាច្រើនឆ្នាំដែលលោកដាក់ជីវិត ដែលមានទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីវិស័យសិល្បៈ ព្រោះតែការស្រលាញ់ និងចង់ឃើញវិស័យមួយនេះមានការរីកចម្រើន។ អ្វីដែលលោករំភើបគឺក្រោយពីស្នាដៃប៉ុន្មានរឿងចុងក្រោយរបស់លោកផ្ទុះការគាំទ្រខ្លាំងដែលជាកម្លាំងចិត្តធំធេញសម្រាប់លោកជាផលិតករ និងសិល្បករ។
លោកថាស្នាដៃចុងក្រោយរបស់លោករឿងធ្មប់កំពុងទទួលលេចការគាំទ្រខ្លាំងហើយស្នាដៃនេះនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី២៥ខែគុម្ភៈខាងមុខនេះតទៅ។ លោកនៅតែសន្យាដដែលថា នឹងបន្តដាក់ទុនជីវិតដើម្បីវិស័យមួយនេះ។
តារាសម្តែងលោកភី ម៉ៃ បានប្រឡូកក្នុងអាជីពសិល្បៈចាប់តាំងពីឆ្នាំ២០០៣ ហើយលោកប្រើប្រាស់ពេលមួយទសវត្សរិ៍ទើបទទួលបានការគាំទ្រច្រើន។ លោកបានសម្តែងភាពយន្តភាគ និងខ្នាតធំមិនក្រោម៥០រឿងនោះទេ ហើយស្នាដៃចុងក្រោយជាច្រើនបន្តបន្ទាប់ទទួលបានការកោតសសើរខ្លាំងពីទស្សនិកជន។ តារាសម្តែងរូបនេះបញ្ជាក់ថា លោកសុខចិត្តបោះបង់ការងារមុខជំនួញ និងការងាររាជការចោលព្រោះតែស្រលាញ់វិស័យសិល្បៈ។
លោកថាពីមុនការចេញថតត្រឹមតែទទួលបានថវិកាសម្រាប់ទិញត្រឹមបាយ ក៏លោកពេញចិត្ត និងមិនស្តាយក្រោយដែលបាន បម្រើអារម្មណ៍ទស្សនិកជន។អ្វីដែលលោកសប្បាយចិត្តខ្លាំងគឺក្រោយពេលដែលការប្រឹងប្រែងរបស់លោកទទួលបានផ្លែផ្កាច្រើន។ ជុំវិញរឿងស្នេហាវិញលោកនៅតែមិនទាន់គិតគូ នៅឡើយខណៈដែលរកអ្នកយល់ចិត្តមិនទាន់ឃើញនៅឡើយ។
តារាវ័យ៤០ស្តើងរូបនេះលើកឡើងថាកន្លងមកក្រុមគ្រួសារបានជំរុញឲ្យលោកបោះបង់សិល្បៈព្រោះតែពួកគាត់គិតថាការសម្តែងមិនបានជួយលោកច្រើន ប៉ុន្តែលោកនៅតែតស៊ូជម្នះពិសេសសុខចិត្តបោះបង់ការងារជាមន្ត្រីរាជការផង។
លោករំពឹងដែរថាសម្រាប់ឆ្នាំថ្មីនេះលោកនឹងទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន និងទទួលបានឱកាសថតភាពយន្តជាច្រើនពីផលិតករផងដែរ៕ វឌ្ឍនា