ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលគេសង្ស័យបើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ហើយបានជ្រុលបុកគោយន្តកន្រ្តៃពីក្រោយពេលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកស៊ុយហ្សុ៊យគី ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ុំ រិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡត៍បាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ។ ចំណែកគោយន្តកន្រ្តៃបានបើកគេចបាត់ស្រមោលតែម្តង។
លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា ជនរងគ្រោះ(ស្លាប់)បើកបរម៉ូតូម៉ាកស៊ុយហ្សុ៊យគី គ្មានស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព ហើយបើយោងតាមសាក្សីនានាជុំវិញកន្លែងកើតហេតុ គេឃើញជនរងគ្រោះទំនងបើកបរក្នុងស្ថានភាពស្រវឹង ខណៈដែលគេឃើញបើកបរស្ទើរតែមិនត្រង់ផ្លូវផងនោះ៕ ប៉ឹម ពិន