ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់គោយន្តកន្ត្រៃបណ្តាលឲ្យមនុស្ស៩នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដោយសារតែគោយន្តកន្ត្រៃ១គ្រឿងដឹកមនុស្សជាច្រើននាក់ បើកបរក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងចាប់ហ្វ្រាំងមិនជាប់ ជ្រុលធ្លាក់ប្រឡាយឲ្យក្រឡាប់រងរបួសធ្ងន់ស្រាល៩នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅចំណុចស្រះឈូក ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកអនុសេនីយ៍ទោ ហុង ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ៃលិន មានប្រសាសន៍ឲ្យដឹងថា នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ១គ្រឿង បើកបរក្នុងល្បឿនលឿន។ លុះមកដល់ចំណុកើតហេតុ ដែលជាផ្លូវកោងផងនោះ ក៏បានចាប់ហ្វ្រាំងទាំងបង្ខំ ប៉ុន្តែមិនជាប់ បណ្តាលឲ្យធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រលប់ ធ្វើឲ្យមនុស្ស៩នាក់ដែលរួមដំណើរ រងរបួសធ្ងន់ស្រាល។

លោកមេបញ្ជការកងរាជអាវុធហត្ថក្រុងប៉ៃលិនបន្តថា អ្នករងរបួសធ្ងន់ទី១.ឈ្មោះ ជូ វត្ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី២.ឈ្មោះ ហេង ស្រ៊ាង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៣.ឈ្មោះ ណែត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកអ្នកផ្សេងទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណទេ (រងរបួសស្រាល)។

ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ស្រាលទាំង៩នាក់ខាងលើ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ៕ ស សារ៉េត


ចែករំលែក៖