ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដេញចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ពេលដែលឃើញសមត្ថកិច្ចដាក់គោលដៅចុះអនុវត្តចាប់ម៉ូតូអត់កញ្ចក់ និងអត់ពាក់មុកសុវត្ថិភាព ឆែកឆេរឃើញថ្នាំញៀន៧កញ្ចក់នៅក្នុងខ្លួង ចំណែកម្នាក់ទៀត ជិះមូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ឃាត់ខ្លួនបាននេះកាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង មេស អាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងបក្សម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោល ។
យោងតាមសម្ដីរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានចុះទៅអនុវត្ដន៍ច្បាប់ចរាចរណ៍ចាប់ម៉ូតូអត់មួក អត់កញ្ចក់ ជិះបញ្ច្រាស ទិស នៅតាមបណ្ដោយផ្លូវវេងស្រេង ស្រាប់តែដល់វេលាកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក មិនចាំស្លាកលេខ លុះមកដល់ចំណុចសមត្ថកិច្ចក៏បត់ម៉ូតូជិះគេចខ្លួនបណ្ដាលឲ្យធ្លាក់ជនសង្ស័យ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច និងប្រជាការពារ នាំគ្នាឃាត់ និងឆែកឆេរក្នុងខ្លួនក៏រកឃើញថ្នាំញៀនចំនួន៧កញ្ចប់តូច សមត្ថកិច្ចនាំខ្លួនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីសាកសួរតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕ តាឡឹម