ក្រុមជនអន្តោប្រវេសន៍ បានប្តូរជីវិត ឆ្លងកាត់ព្យុះភ្លៀង និងក្តីស្លាបទម្រាំតែមកដល់ទឹកដីអឺរ៉ុប ក្នុងនោះមានបារាំងជាដើម ដូច្នេះយើងត្រូវការពារសន្តិសុខឲ្យបានល្អ ដល់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ។
កាលពីថ្ងៃទី១៦ខែមករាកន្លងមក លោកប្រធានាធិបតីបារាំងអេមម៉ានុយអែល ម៉ាក្រុងបានធ្វើដំណើរទៅតំបន់កាឡេស្ថិតនៅប៉ែកខាងជើងប្រទេសបារាំង។ គឺនៅ ទីនោះហើយដែលកាលពីជាង ១ឆ្នាំមុន ពោលគឺក្នុងខែតុលា ឆ្នាំ ២០១៦ រដ្ឋអំណាចបារាំងបានគាស់បំបែកជំរំជនអន្តោប្រវេសន៍មួយ ហើយបានជម្លៀសជនអន្តោប្រវេសន៍ទៅដាក់នៅកន្លែងផ្សេងៗក្នុងទឹកដីបារាំង។ តែសព្វថ្ងៃ ជំរំមួយនេះនៅបន្តមាន និងកំពុងបន្តជ្រកកោនដោយជនអន្តោ ប្រវេសន៍ដែលដេករង់ចាំឆ្លងទៅកាន់ប្រទេសអង់គ្លេសក្បែរខាង។ យ៉ាងណាក៏ដោយ លោកម៉ាក្រុងបានរម្លឹកជាថ្មីពីការមិនអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ចូលទៅតាំងលំនៅឋានជាថ្មីនៅក្នុងជំរំនោះ។ បន្ទាប់មក លោកម៉ាក្រុងបានអំពាវនាវដល់កម្លាំង សន្តិសុខ និងសមាគមឲ្យមានការទទួល ខុសត្រូវចំពោះជនអន្តោប្រវេសន៍នៅទីនោះ។
«ខ្ញុំសូមអំពាវនាវនៅទីនេះ ដល់គ្រប់ សមាគមទាំងអស់ឲ្យមានការទទួលខុសត្រូវ។ នៅពេលដែលសមាគមទាំងនោះនាំគ្នាជួយជំរុញ និងជួយលើកទឹកចិត្តដល់ បុរស និងស្រ្តីឲ្យបន្តស្ថិតនៅទីនេះ ឲ្យបោះ ទីតាំងនៅទីនេះដោយខុសច្បាប់ ឬមួយក៏ជួយពួកគេឲ្យឆ្លងដែនដោយលួចលាក់ សមាគមទាំងអស់នោះមានការទទួលខុសត្រូវធំធេងណាស់។
គ្មានឡើយ! គ្មានឡើយដែលទង្វើរបៀបនេះរបស់សមាគមទាំងអស់នោះនឹងទទួលបានការជួយឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិ បាល។ លើកណាក៏ដូចជាលើកណាដែរ នៅពេលដែលមនុស្សម្នាក់ត្រូវបានគេ ស្គាល់អត្តសញ្ញាណ គេតែងតែនិយាយ ប្រាប់មនុស្សរូបនោះគ្រប់ពេលថា មានទី ជម្រកស្រាប់សម្រាប់រូបគេ នាំរូបគេទៅជួប ប៉ូលិស ឬមួយក៏ថា នាំរូបគេទៅស្នាក់នៅ ជំរំជនអន្តោប្រវេសន៍ដែលមានប៉ូលិសកំពុងរង់ចាំនៅទីនោះជាដើម។ ទាំងនេះសុទ្ធ សឹងជាពាក្យភូតកុហកទាំងអស់។
គឺពាក្យភូតកុហកដែលបានផ្សព្វផ្សាយចេញពីប្រភពជាច្រើននោះឯងដែលបច្ចុប្បន្ន បានធ្វើឲ្យរំខានដល់ប្រសិទ្ធភាពការងារ របស់រដ្ឋាភិបាល។ ថ្ងៃនេះទៀត ពាក្យភូតកុហកទាំងអស់នេះក៏ថែមទាំងធ្វើឲ្យប៉ះ ពាល់ដល់ការងារមនុស្សធម៌ដែលយើងត្រូវមានចំពោះមនុស្សទាំងអស់នោះ »។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ឆ្មាំ សមុទ្ររបស់ប្រទេសអុីតាលី បាន និយាយឲ្យដឹងនៅថ្ងៃអង្គារនេះថា ជនអន្តោ ប្រវេសន៍ប្រមាណ១.៤០០នាក់ និងក្រុម ជនភៀសខ្លួន ត្រូវបានជួយសង្គ្រោះក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅភាគ កណ្តាលនៃសមុទ្រមេឌីទែរ៉ាណេ ។
នាវាមួយគ្រឿងមកពីសហភាពអឺរ៉ុប (EU)ដែលជានាវាសម្រាប់បំពេញបេសកកម្មដែលមានឈ្មោះថា EUNAVFOR MED និងក្រុមអ្នកមិនត្រូវការប្រាក់ចំណេញអ្វីសោះ បានប្រទះឃើញ សាកសពតិច បំផុតចំនួន២នាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ ហើយមានទូកចំនួន២គ្រឿងដែលមកពីអីុតាលី ជាក្រុមឆ្មាំ សមុទ្រ និងប៉ូលិសសេដ្ឋកិច្ចបានចូលរួម ក្នុងការជួយសង្គ្រោះនេះ ។
ក្រុមឆ្មំាសមុទ្របានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពលរដ្ឋ ត្រូវបានជួយសង្គ្រោះ ត្រូវបានគេដឹងថា បាននាំគ្នាភៀសខ្លួនមកតាមទូកដឹកកៅស៊ូចំនួន៧គ្រឿង និងមាន១គ្រឿងធំជាងគេ និង ៣គ្រឿងទៀតដែលជាទូកតូចៗ៕ ម៉ែវ សាធី