ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារការបើកបរលើសល្បឿងបណ្ដាលឲ្យបុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រូសបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតអស់២កង់ ចំណែករថយន្តគាបជាប់ទៅមុខលែងរួច ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-5869 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋ ៕ អរុណរះ