ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របនៃកម្ពុជា។ បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ។ នេះបើតាមមន្ត្រីតុលាការថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នេះ ។
ទណ្ឌិតសម រង្ស៊ី ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ”ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព”តាមមាត្រា៤៧១និងមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនីមួយៗកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។
នៅក្នុងពាក្យបណ្តឹងរបស់លោក វង្ស ភក្តី មេធាវីតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រៀបរាប់ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំងកុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួចហើយលោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានកោះអញ្ជើញលោក វង្ស ភក្តី មេធាវីតំណាងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទឲ្យចូលបំភ្លឺនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ និងកោះហៅទណ្ឌិតសម រង្ស៊ីឱ្យចូលបំភ្លឺនៅថ្ងៃទី១១ខែមករាឆ្នាំ២០១៨ខាងមុខនេះ។ ប៉ុន្តែទណ្ឌិតសម រង្ស៊ីមិនចូលតាមការកំណត់ទេ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងសន្នីសិទសារព័ត៌មានថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
លោក ប៉ុល សារឿន បានអះអាងទៀតថា កងយោធពលខេមរភូមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕ ចេស្តា