ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលពេញផ្សារវាលយន្តខណៈប្រហិតប៉ាត់តេ៣៦គីឡូក្រាមមានសារធាតុគីមីបូរ៉ាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រហិតប៉ាត់តេមានចំនួន៣៦គីឡូក្រាមត្រូវបាន សាខាកាំកុងត្រូលខេត្តសហការពីមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងពិនិត្យឃើញ សារធាតុគីមីបូរ៉ាក់នៅក្នុងប្រហិតប៉ាត់តេអាចប៉ះពាល់ក្រពះពោះវៀន ថ្លើមយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង។

បើតាមមន្ត្រីកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនាពេលនេះ ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ពិតជាមានសារសំខាន់ចាំ បាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

ប្រភពបានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យយ៉ាងយកចិត្តដាក់ ពីមន្ត្រីកាំកុងត្រូលនៅផ្សារវាលយន្ត ក្រុងស្វាយរៀង បានរកឃើញវត្តមសារធាតុគីមី(បូរ៉ាក់)នៅក្នុង ប្រហិតប៉ាត់តេមានចំនួន៣៦គីឡូក្រាម ផលិតនៅភ្នំពេញ របស់ក្រុមហ៊ុន៩៩៩ ដែលជាការអះអាងរបស់អ្នកលក់ ត្រូវដកហូតយកទៅកំទេចចោល។

ជាលទ្ធផលបង្ហាញថា ក្រោយពីមន្ត្រីជំនាញ បានធ្វើកិច្ចការងារលើរឿងនេះ អាជីវករក៏បានយល់ព្រមបញ្ឈប់ដាក់លក់ទំនិញ ដែលហួសសុពលភាពប្រើប្រាស់ និងឈប់លក់ប្រភេទប្រហិត ដែលផ្ទុកនូវសារធាតុគីមី ព្រោះបានយល់ដឹងអំពីផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋដោយ ប្រភេទគីមីប៉ូរ៉ាក់នេះវាធ្វើឲ្យប៉ះពាល់ដល់ក្រពះពោះវៀន ថ្លើមយ៉ាងធ្ងន់ធ្ងរ ៕ យឹម សុថាន


ចែករំលែក៖