ព័ត៌មានទាន់ហេតុការណ៍៖

លោកអូបាម៉ាវិលត្រឡប់មកកាន់ឆាកនយោបាយ, ដូណាល់ ត្រាំប្រឈមឧបសគ្គការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានប្រកាសថា ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋព្រួយបារម្ភ ពីការការពារអាសន្នភាគច្រើននៅក្នុងសភា នៅការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកា ខាងមុខ គឺនៅមានបញ្ហាជាច្រើនទៀតដែលត្រូវបារម្ភ ។

នៅពេលនេះ អតីតប្រធានាធិបតីអូបាម៉ា បានឡើងគម្រោងវិលត្រឡប់មកកាន់ឆាកនយោបាយវិញ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅពេលខាងមុខ ។ ក្រុមជំនួយការរបស់អតីតប្រធានាធិបតី អូបាម៉ា បានបញ្ជាក់ថា « លោកអូបាម៉ា នឹង បន្តសកម្មភាពនយោបាយយ៉ាងសកម្មបំផុតនៅក្នុងឆ្នាំ២០១៨នេះ ដោយមានការឃោសនា ស្វែងរកការគាំទ្រ កាន់តែច្រើន»។

កាលពីឆ្នាំ២០១៧ លោកអូបាម៉ា បានចំណាយពេល ទាំងអស់សម្រាប់គ្រួសារ និងដំណើរកម្សាន្ត នៅគ្រប់ទិសទី ។ ប៉ុន្តែលោកអូបាម៉ា តែងតែបញ្ជាក់ថា លោក មិនទុកនយោបាយនៅខាងក្រោយនោះឡើយ គឺតែងតែដាក់នៅមុខជានិច្ច។

នៅមុនពេលចាកចេញពីតំណែង អតីតប្រធានាធិបតី អូបាម៉ា បានសន្យាថា នឹងរក្សាការងាពាក់ព័ន្ធនឹងនយោបាយ និងធ្វើការដើម្បីការពារស្នាដៃរបស់លោក ដែលបានខិតខំ ពេលកាន់តំណែងប្រធានាធិបតីអាមេរិក ក្នុងនោះ មានបញ្ហាជនអន្តោប្រវេសន៍ កិច្ចព្រមព្រៀងនានា និងកម្មវិធី សុខាភិបាល អូបាម៉ាឃែរជាដើម។ ជាមួយគ្នានេះ លោកអូបាម៉ា បានថ្កោលទោស ប្រធានាធិបតី ត្រំា ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស។

ក្នុងពេលដែល ការគាំទ្រប្រធានាធិបតីត្រាំ ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំទី១ នៃអាណត្តិ៤ឆ្នាំរបស់លោក ចំណែកអូបាម៉ាវិញ បែរជាទទួលបានការគាំទ្រខ្ពស់ មិនធ្លាប់មាន សម្រាប់អតីតប្រធានាធិបតីដែលបានចូលនិវត្តន៍ គឺមានការគាំទ្ររហូតដល់៦០ភាគរយ។

ដូច្នេះការបង្ហាញវត្តមានរបស់លោកអូបាម៉ា នៅក្នុងឆាកនយោបាយអាមេរិក គឺជាឧបសគ្គយ៉ាងធំធេងសម្រាប់ ប្រធានាធិបតី ត្រាំ ពិសេសគឺការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ប្រសិនបើ គណបក្សសាធារណរដ្ឋកាន់អំណាចបាត់បង់សម្លេងភាគច្រើននោះ លោកត្រាំ នឹងពិបាកនៅក្នុងការសម្រេចគោលនយោបាយ របស់លោក ដោយការសម្រេចគឺស្ថិតនៅលើ គណបក្សប្រជាធិបតេយ្យទៅវិញ ៕ ម៉ែវ សាធី


ចែករំលែក៖