ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកលៀបបានជិះល្បាត ក្នុងភូមិសាស្ត្រក៍ប្រទះឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន១៧កញ្ចប់តូច។
ករណីនេះកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះប៉ាង ប៉ាវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ មាន ស្រុកកំណើតនៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឈ្មោះចាន់ ជូ អាយុ២៣ឆ្នាំ មុខរបកសិករមាន ស្រុកកំណើតនៅភូមិតាំងក្រសាំង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បានប្រទះឃើញជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1CF1970 មានការសង្ស័យ ហៅឲ្យឈប់ត្រួតពិនិត្យឃើញថ្នាំញៀន១៧កញ្ចប់លាក់ទុកចែកចាយបន្ត ក៏ឃាត់ខ្លួនតែម្ដង។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋានខណ្ឌជ្រោយចង្វា បណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ