កណ្ដាល៖ ពេលនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាល បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតទៅលើករណីបាញ់បោះសេរីរបស់ឧកញ៉ា រឿង សំអាង ហៅពៅ ថៅកែរណ្ដៅដីនៅស្រុកស្អាង ។
មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជាក់នៅល្ងាចថ្ងៃទី១៩ ខែមករា ថា អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅវេលាម៉ោង១១និង៤០នាទីថ្ងៃ១៩ខែមករាឆ្នាំ២០១៨ កម្លាំងជំនាញខេត្តនិងស្រុកបានចុះស្រាវជ្រាវករណីផ្ទុះអាវុធនេះ ដោយបានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ ពិនិត្យឃើញថាទីកន្លែងកើតហេតុមានការប្រែប្រួល ដោយនៅចំណុចកើតហេតុជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងដោយឈ្មោះរឿង សំអានហៅ ពៅ ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។
តាមការបំភ្លឺរបស់ឈ្មោះ លី ចាន់សុខុម ដែលនៅកន្លែង កើតហេតុ បានបំភ្លឺថារូបគេមានរថយន្តស៊ីឈ្នួលដឹកដីមួយគ្រឿងពីឈ្មោះពៅ នៅវេលាម៉ោង១៥និង០០នាទី បានលឺសូរសម្លេងផ្ទះអាវុធជាច្រើនគ្រាប់ នៅចំណុចខ្ចុះ(រោងចាំរណ្តៅដី) ហើយក៏មិនបានដឹងថាអ្នកណាបាញ់ទេ។
លុះដល់ម៉ោង១៦និង០០នាទីក៏បានឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកជិះចូលមកដល់ រណ្តៅដីដោយមានគ្នាចំនួន០៧នាក់បានតាំងខ្លួនថាជាមន្ត្រីរ៉ែនិងថាមពលក្រសួង ហើយបានសួរខ្ញុំថាលោក ពៅទៅណា ហើយអ្នកណាមេការទីនោះខ្ញុំឆ្លើយថាខ្ញុំអត់ដឹងទេ។ បន្ទាប់មកទៀតមន្ត្រីរ៉ែទាំងនោះបាននិយាយថាឥឡូវនេះខ្ញុំសូមវាស់វែង រណ្តៅដី ទាំងនេះហើយលោកឯងជួយប្រាប់លោកពៅឱ្យទៅជួបខ្ញុំនៅក្រសួងរ៉ែនិងថាមពលនៅថ្ងៃចន្ទ។
មន្ត្រីជំនាញដដែល អះអាងថា ចំពោះឈ្មោះ រឿង សំអាន ហៅ ពៅ បានគេចខ្លួនពុំអាចធ្វើការបំភ្លឺបានទេ ។ ដោយឡែកមន្ត្រីភូមិបាលស្រុកស្អាងបានអះអាងថារាល់ការចុះមករណ្តៅដីរបស់មន្ត្រីក្រសួងរ៉ែនិងថាមពលគឺពួកគាត់ពុំបានជូនដំណឹងនិងបានសុំការសហការទេ ក្នុងនោះមន្ត្រីភូមិបាលស្រុកបានបញ្ជាក់អះអាងទៀតថារណ្តៅ ដីចំណុចភូមិឃុំខាងលើដែលលោកពៅធ្វើអាជីវកម្មគឺមានច្បាប់ត្រឹមត្រូវ។
ដោយឡែកមន្ត្រីរ៉ែនិងថាមពលទាំង៧នាក់នោះពុំស្គាល់អត្តសញ្ញាណឡើយ ហើយត្រលប់ទៅវិញអស់ ដោយពុំបានផ្ដល់ការបំភ្លឺដល់សមត្ថកិច្ចឡើយ។
ការចុះពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ វត្ថុតាង(សំបកគ្រាប់ចំនួន២០គ្រាប់) បន្សល់ទុកនៅកន្លែងកើតហេតុចាប់យករក្សាទុកនៅ នគរបាលស្រុកសូមសន្និដ្ឋានថា ពិតជាមានផ្ទុះអាវុធមែន ចំពោះអ្នកបង្កផ្ទុះអាវុធនេះជំនាញមិនទាន់កំណត់បាន។ ដោយឡែកចំពោះការផ្ទុះនេះគឺបានផ្ទុះមុនរយះពេល១ម៉ោងមុនពេលមន្ត្រីរ៉ែនិងថាមពលនោះទៅដល់។បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបន្តរកជនបង្កការផ្ទុះនោះ៕ ចេស្តា