ខេត្តកណ្តាល៖ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជាក់ថា គ្មានមន្ត្រីអាវុធហត្ថរបស់លោកជាមេការរណ្តៅដីរបស់ឧកញ៉ា រឿង សំអាង ហៅពៅ នោះទេ ។
ឧកញ៉ា រឿង សំអាង ហៅពៅ បច្ចុប្បន្នកំពុងជាប់សង្ស័យករណីបាញ់បោះសេរីអស់ជាមួយច្រើនគ្រាប់ ដើម្បីគំរាមមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល ដែលចុះពិនិត្យរណ្តៅដីខុសច្បាប់ជាច្រើនកន្លែងរបស់ឧកញ៉ា ពៅ ។
មន្ត្រីជំនាញដដែល ថ្លែងនៅរសៀលថ្ងៃទី១៩ ខែមករា ថា យោងតាមចម្លើយសារភាពរបស់ឈ្មោះ លី ចាន់សុខុម បញ្ជាក់ប្រាប់កងរាជអាវុធហត្ថខេត្តកណ្ដាល ពេលសួរចម្លើយថា “គេមិនមែនជាមេការឧកញ៉ា រឿង សំអាង ហៅពៅ ទេ គ្រាន់តែកន្លងមកធ្លាប់ជួលគ្រឿងចក្រឱ្យឧកញ៉ាពៅ ប៉ុណ្ណោះ”។
បច្ចុប្បន្នឈ្មោះ លី ចាន់សុខុម កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាល ព្រោះលី ចាន់សុខុម ជាមន្ត្រីកងរាជអាវុធហត្ថ ។ ប៉ុន្តែពេលនេះ សមត្ថកិច្ចពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
គួរបញ្ជាក់ថា ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កជាឧកញ៉ា រឿង សំអាង ហៅពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាមខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។
បន្ទាប់ពីបាញ់ ឧកញ៉ាពៅ បានបញ្ជាឱ្យកូនចៅរបស់ខ្លួនបើកអា«អិច»កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។
ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃសុក្រទី១៩ ខែមករា ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។
មន្ត្រីបង្ហើបថា ឧកញ៉ាពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ៕ ចេស្តា