ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅសរៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្ត១គ្រឿងដឹកសឺទែនប្រេងដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ទុកជាង៧ខែគ្មាន អ្នកចូលដោះស្រាយ សមត្ថកិច្ចសង្ស័យវះមើលឃើញសុទ្ធតែឈើគ្រញូង រថយន្តនោះបានក្លែងបន្លំដឹកផ្ទុកឈើគ្រញូងរាប់សិបតោន ។
លោកវរសេនីយ៍ឯក សន គឹមសួរ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កដោយរថយន្តដឹកសឺទែនប្រេងពាក់ស្លាក់លេខ ភ្នំពេញ 3C-0213 ខូចហើយចតចោល លើចិញ្ចើមពេលយប់ផ្លូវគ្មានដាក់ ស្លាកសញ្ញាត្រឹមត្រូវបានអ្នកជិះម៉ូតូ១គ្រឿងគ្នា២នាក់ជិះបុកពីក្រោយបណ្តាលស្លាប់ម្នាក់នៅកន្លែង កើតហេតុចំណែកម្នាក់ទៀតរបួសធ្ងន់ហើយអ្នកបើកបានរត់គេចខ្លួនបាត់ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យធ្វើការវាស់វែងហើយយកមករក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា ក្រោយពេលដែលកម្លាំងនគរបាលជំនាញយករថយន្តដែលបង្កគ្រោះថ្នាក់មករក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីឲ្យម្ចាស់រថយន្ត ចូលមកដោះស្រាយតែមិនឃើញចូលខ្លួនដោះស្រាយករហូតជាង៧ខែ។ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យដោយមានវត្តមានលោក តេង សម័យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តនិងមន្ត្រីអយ្យការនិងកម្លាំងនគរបាលជំនាញបានធ្វើការវះសឺទែនប្រេងត្រួតពិនិត្យឃើញសុទ្ធតែឈើគ្រញូង។
លោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា ការត្រួតពិនិត្យជំហ៊ានដំបូង រកឃើញឈើក្រញូងចំនួន៣៥៥ដុំ ក្នុងមួយដុំមានទម្ងន់មួយគីឡូក្រាមទៅមួយគីឡូក្រាមកន្លះ។ ហើយដោយពេលល្ងាចគណៈកម្មាការបានផ្សាបិតសឺទែនប្រេងនៅរងចាំបន្តការត្រួតពិនិត្យរាប់ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ចំណែកឈើរើហើយដឹកទៅរក្សាទុកនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕ សំ វិច្ឆិកា