ខេត្តរតនគិរី៖ គោយន្តកែច្នៃដឹកបទល្មើសឈើប្រណីតប្រភេទឈើ គគីរ កកោះឡាំងសម្រេចឃ្លុំ៤ជ្រុង ពេញព្រៀបមួយគោយន្តបំម្រុងលោតឆត្រ ខណៈដឹកជញ្ជូនចេញពីស្រុកវ៉ើនសៃ តាមផ្លូវលេខ78A ឆ្ពោះមកក្រុងបានលុង ត្រូវបានកងកម្លាំងគណៈកម្មការចម្រុះឯកភាពស្រុក ស្ទាក់ចាប់បង្ក្រាបបានទាំងព្រលឹមតែម្តង។
គោយន្តកែច្នៃផ្ទុកបទល្មើសដែលរងការបង្ក្រាបពីក្រុមសមត្ថកិច្ចខាងលើ ប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី (ព្រឹកព្រលឹម) នៅត្រង់ចំណុច ទល់មុខមូលដ្ធានកងទ័ព (អនុសេនាធំលេខ៣អូរតាង) ស្ថិតក្នុងភូមិ វ៉ង ឃុំ កាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។
បើតាមការឲ្យដឹងពីលោកអនុសេនីយ៍ទោ សែន សុផល មេបញ្ជាការកងអនុសេនាធំទី៣ បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបរថយន្តកែច្នៃដឹកឈើខាងលើនេះ បានដោយមានការរាយការណ៍ពីកម្លាំងសម្ងាត់ថា មានរថយន្តកែច្នៃលួចដឹកឈើកកោះពេញប្រៀបកំពុងចរាចរណ៍ចេញពីក្នុងព្រៃនៅស្រុកវ៉ើនសៃឆ្ពោះទៅក្រុងបានលុង ហើយលោក ក៏បានរាយការណ៍ភ្លាមៗទៅគណៈបញ្ជាការឯកភាពស្រុកដោយមានសមាសភាពចូលរួម កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងយោធាអនុសេនាធំទី៣ (អូរតាង) ដោយមានបទបញ្ជាផ្ទាល់ពី លោកអភិបាលស្រុកវ៉ើនសៃដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះចុះមកចាំស្ទាក់ និងបង្ក្រាបបាននៅចំណុចខាងលើនេះតែម្តង។
លោកអនុសេនីយ៍ទោ រូបនោះ បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីឃាត់រថយន្តនេះភ្លាម អ្នកបើកបរឃើញសភាពមិនស្រួល ក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយម្ចាស់ឈើជាអ្នកណានោះ លោកក៏មិនបានដឹងផងដែរ។
ក្រោយពីបង្ក្រាបរថយន្តដឹកឈើខាងលើនេះភ្លាម លោកក៏បានទំនាក់ទំនងទៅជំនាញមេព្រៃឲ្យមកចូលរួមធ្វើកំណត់ហេតុរួមគ្នា និងប្រគល់វត្ថុតាងដើម្បីដឹកជញ្ជូន មកខណ្ឌរដ្ឋបាលព្រៃឈើ (រក្សាទុក) ។
ចំណែកលោកជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃទទួលបន្ទុក៣ស្រុកគឺស្រុកអូរជុំ វ៉ើនសៃ តាវែង បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថា ឈើដែលបង្ក្រាបបានខាងលើនេះ ជាប្រភេទឈើកកោះសុទ្ធ និងប្រភេទឈើឃ្លុំបួនជ្រុង ហើយចំនួនឈើពិតប្រាកដនៅពុំទាន់បានវាស់វែងនៅឡើយទេ។
លោកជា កុណារ៉ា បានបញ្ជាក់ទៀតថា រឿងម្ចាស់ឈើអ្នកណានោះលោកមិនទាន់បានដឹងទេ ពីព្រោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលទៅហើយ តែទោះជាយ៉ាងណា លោកថានឹងខិតខំស្រាវជ្រាវ រកឲ្យឃើញម្ចាស់ពិតប្រាកដដើម្បីឲ្យចូលខ្លួនមកដោះស្រាយទៅតាមនីតិ ៕ សាយ ប៉ូច