ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៦៩ឆ្នាំម្នាក់ ខឹងកូនស្រីពៅលួចគ្រឿងអង្កាលយកទៅលក់ បើករថយន្តបុកទ្វារផ្ទះនិងយកសាំងប្រុងដុតផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសវ័យ៦៩ឆ្នាំម្នាក់បានបើករថយន្តទៅបុកទ្វារផ្ទះនិឹងគំរាមដុតផ្ទះរបស់ខ្លួន ខណៈដែរគាត់ខឹងនឹងកូនស្រីរបស់គាត់ បានធ្វើសកម្មភាពលួចយកគ្រឿងអង្កាលទៅលក់បាត់អស់ ​កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេង​១៧A ក្រុម​ទី​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកអ៊ុំដែលបង្កហេតុនោះឈ្មោះ រស់ រំដួល ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ី រឿ​ន អាយុ​៦៦​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​នៅផ្ទះ ស្នាក់​នៅ​ជាមួយ​គ្នានៅទីតាំងកើតហេតុ ដោយមានកូន​​៦​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​មុខ​ពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ​ចំណាស់​ជា​ជន​បង្ក ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ និង​វាយ​កម្ទេច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ និងបាន​យក​កាំបិត​ចុង​ស្រួច​ចំនួន​ពីរ​ដើម មក​អង្គុយ​សំលៀង​នៅ​ខាង​មុខ​ផ្ទះ​តែ​ម្នាក់ឯង បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ក្បែរ​ខាងផងដែរ ។

ប្រភពដដែរ បានបន្តទៀតថា លុះដល់​វេលា​កើតហេតុ ស្រាប់តែ​បុរស​បង្កហេតុ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ និង​កូនម្នាក់​ទៀត ហើយ​បាន​ចូលក្នុងរថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ស្តូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៨៨៤២ ដែល​ចត​នៅ​ក្នុងផ្ទះ​បាន​បើក​ទៅ​បំ​បុក​ទ្វារផ្ទះ បណ្ដាល​ឲ្យ​វៀច​ទ្វារ​អស់​មួយ​ផ្ទាំង និង​ស្ទុះ​ទៅ​យក​សាំង​ដែលទិញទុក​មកចាក់ពេញផ្ទះ បម្រុង​នឹង​ដុត​ផ្ទះ​ចោល​ទៀត ភ្លាម​ៗ​នោះក៏ត្រូវប្រជាពលរដ្ឋនិង ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​​អន្តរាគមន៍ ប៉ុន្តែក្នុងហេតុការណ៍នោះ​បុរស​ខាងលើ​បាន​កាន់កាំបិត​ចុង​ស្រួច​ចំនួន​ពីរ​ដើម ​ហាម​មិន​ឲ្យ​អ្នក​ណា​ចូល​មក​ជិត​រូប​គាត់​នោះ​ទេ បើ​ចូល​ជិត​គាត់​នឹង​ចាក់​សម្លាប់​ខ្លួនឯង ដោយ​គាត់​និយាយ​ថា «​គាត់​ចាំ​ចាក់​កូនស្រី​ពៅ​គាត់​ឲ្យ​ងាប់​សិន​» ។

ដោយឡែកយោង​តាម​សម្តី​​ប្រពន្ធរបស់បុរសបង្កហេតុ ​បាន​ឲ្យ​ដឹងដែរ​ថា រូបគាត់មាន​ជំងឺ​ប្រចាំ​កាយ ហើយ​មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​សួរ​ថា បើ​ឈឺ​ម្លឹងៗ ម្តេចក៏​មិន​យក​គ្រឿងអង្កាលទៅ​លក់ទៅ ដើម្បី​មើលជំងឺ​ទៅ ភ្លាមនោះគាត់​ក៏​នៅស្ងៀមមិនឆ្លើយតប ប៉ុន្តែបុរស​ជា​ប្តី​នៅ​តែ​សួរ​ដដែល​ៗ រហូតគាត់ឆ្លើយប្រាប់​ថា ខ្សែ​ក​.ខ្សែដៃ​ទាំងនោះ ត្រូវបាន​កូនស្រី​ពៅ​​យើង​លួច​យក​ទៅ​លក់​អស់ហើយ តែគាត់​មិន​ហ៊ាន​ប្រាប់​ប្តី ខ្លាច​ប្តី​ខឹង ស្រាប់តែពេលនេះ​ប្តី​ខឹង​បាន​បើករថយន្ត​បុក​ផ្ទះ​ធ្វើ​ឲ្យ​បាក់​ទ្វារផ្ទះ រួច​ហើយ​បាន​យក​សាំង​មក​ចាក់​នៅ​មុខ​ផ្ទះ​បម្រុង​ដុត​ផ្ទះ​ចោល​ទៀត ក៏​ត្រូវ​បាន​អ្នក​ជិតខាង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​បាន​សម្របសម្រួល​ រហូត​ដល់​បុរស​បង្កហេតុយល់ព្រម​ទុកកាំបិត​ប្រគល់ខ្លួនឲ្យ​សមត្ថកិច្ច​អប់រំ និង​ណែនាំ​ឲ្យឈប់ធ្វើអំពើបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕ស តារា


ចែករំលែក៖