ព័ត៌មានទាន់ហេតុការណ៍៖

រៀបចំពិធីឡើងគេហដ្ឋានថ្មី ក្លាយជាពីធីបុណ្យសពទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជានិស្សិតឆ្នាំទី៣ បើករថយន្ដជែងជាមួយរថយន្ដផ្សេងទៀតក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបុកក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវបុកស្លាប់ភ្លាមៗ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងព្រៃ ស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំមានទីលំនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ រីឯជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ ឆ្នាំមុខរបរ និស្សិតឆ្នាំទី៣ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនវ៉ាជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាកក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសដែលដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។ ភ្លាមៗនោះម្ចាស់រថយន្ដជាជនបង្កបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែងឃាត់ខ្លួនយកមកសាកសួរ ។

បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចប្រគល់ទាំងរថយន្ដទៅឲ្យកម្លាំងសមត្ថកិច្ចចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ។ ចំណែកក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅតម្កល់វត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕តាឡឹម


ចែករំលែក៖