ភ្នំពេញ៖ ជាការទះកំផ្លៀងទៅលើចលនា ដែលបង្កើតឡើងនៅប្រទេសបារាំងដោយបក្ខពួក សម រង្សី លោក កឹម សុខា តាម រយៈមេធាវីរបស់ខ្លួនបានប្រកាសមិនគាំទ្រ និងមិនចូលរួមចលនានេះទេ ។
ការប្រកាសបែបនេះត្រូវបានសរសេរឡើងដោយលោកមេធាវី ផែង ហេង ក្នុង បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបន្ទាប់ពីចេញពីសួរសុខទុក្ខលោក កឹម សុខា នៅពន្ទនាគារត្រពាំងប្លុងកាលពីថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករាឆ្នាំ២០១៨ថា លោក(កឹម សុខា) មិនចូលរួមចលនា និង មិនគាំទ្រចលនាថ្មីនោះទេ ។
លោក កឹម សុខា មានសុខភាពធម្មតា និងជំហររឹងមាំល្អ។ លោកធ្លាប់អះអាង និងថ្ងៃនេះនៅតែបញ្ជាក់ថា លោកមិនចូលរួមចលនានិងមិនគាំទ្រចលនាថ្មីនោះទេ។ លោក កឹម សុខា នៅជាមួយឆន្ទៈប្រជាពល រដ្ឋជាង៣លាននាក់ដែលបានបោះឆ្នោត ជូនគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា នៅតែមានជំនឿថា អ្នកនយោបាយ ខ្មែរអាចរកដំណោះស្រាយជាមួយគ្នាបាន តាមរយៈការសន្ទនាជាមួយគ្នា ។
កាលពីថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានប្រកាសបង្កើតចលនានយោបាយថ្មីមួយក្រោមរូបភាពដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា, ទាមទារដោះលែងអ្នកទោសដែលគេហៅថាអ្នកទោសមនសិការនិងទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ចលនាបែបនេះគឺមិនមែនជារឿងថ្មី នោះទេ ហើយក៏គ្មានបានការនោះដែរ។ ទណ្ឌិត សម រង្ស៊ី ដែលចាញ់ឆ្នោតជារៀង រហូតមក និងរលាយទាំងបក្សផងគឺមាន ប្រវត្តិអន់ខ្សោយខ្លាំងណាស់ក្នុងអាជីព នយោបាយបោកប្រាស់របស់ខ្លួន។ ប្រកាស សុទ្ធតែជាចលនាសង្គ្រោះជាតិ ប៉ុន្តែប្រមូល សមាជិកបាន៩នាក់ក្នុងនោះមានប្រពន្ធខ្លួនឯងម្នាក់ផង។ បើចង់ធ្វើមេចលនាម្តេចមិនដាក់ឈ្មោះនៅខាងលើ? ចាំបាច់បន្លំលាក់ៗ មិនលះសោះអ៊ីចឹង ។
ការបង្កើតចលនានេះមិនបានបង្ហាញ ការរួបរួមគ្នាក្នុងចំណោមអ្នកប្រឆាំងទេតែផ្ទុយទៅវិញបង្ហាញឲ្យឃើញការបែកបាក់កាន់តែធ្ងន់ធ្ងរឡើងដោយសារការដឹកនាំ របស់ សម រង្ស៊ី ដែលមិនបានគិតប្រយោជន៍ ជាតិជាធំគិតតែពីគំនុំសងសឹកនិងបម្រើ ផលប្រយោជន៍បរទេស ។
ដោយសារទង្វើអាក្រក់របស់ សម រង្ស៊ី បានធ្វើឲ្យលោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកដាក់ លិខិតលាលែងចេញពីចលនាសង្គ្រោះ ជាតិដោយសារការមិនចុះសម្រុងគ្នាក្នុង ការបង្កើតចលនាសង្គ្រោះជាតិដែលមាន សម រង្ស៊ី និងបក្ខពួកជាមេគំនិត ៕ ហេង សូរិយា