ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ១ក្រុមទំនាស់ពាក្យសំដីក្នុងពេលបើកបរម៉ូតូកាប់យុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនសង្ស័យ៤នាក់ ក្នុងចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតឃាត់ខ្លួនក្នុង ករណីបង្កហិង្សាដោយចេតនាកាប់ទៅលើយុវជនម្នាក់បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ គ្រាន់តែទំនាស់ពាក្យសំដីពេលកំពុងបើកបរដោយមិនអធ្យាស្រ័យគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅយប់ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅត្រង់ចំណុចភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ក្រាញ់ សុភាព ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ Good luckមានទីលំនៅភូមិ ជាឫស្សី ឃុំ កំពង់ចំលង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ឈ្មោះ ពៅ សង្ហា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មានទីលំនៅភូមិ បាសាក់ សង្កាត់បាសាក់ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ឈ្មោះ ខែម ស៊ីនឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មានទីលំនៅភូមិ ក្បាលដំរី ឃុំ ស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងឈ្មោះ ម៉ៅ ចាំ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មានទីលំនៅភូមិ អង្គសាលា ឃុំ ចំបក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ចំណែកជនរងគ្រោះឈ្មោះ ភុក វុទ្ធី អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយរបួសត្រូវចំក្បាលមួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានក្រុមគ្រួសាបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនសមត្ថកិច្ច បានស្គាល់អត្តសណ្ញាណហើយកំពុងស្វែងរកចាប់ខ្លួនដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត ៕ យឹម សុថាន


ចែករំលែក៖