ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៤នាក់ដោយសាររថយន្តធ្លាក់ជ្រោះចំណោតភ្នំនៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្លាប់ និងរបួសធ្ងន់ស្រាលទៀតហើយៗនៅស្រុកវាលវែង ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ជ្រោះចំណោតភ្នំ ខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥៥។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ជ្រោះខាងលើ បានកើតឡើងនៅវេលាម៉ោង២ និង១៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចំណោត(ចិនយំ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក កែវ ចន្នី នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A 0097(ដឹកអំពៅ)ពេញរថយន្ត ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទិសខាងខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលធ្លាក់ជ្រោះចំណោតភ្នំចិនយំតែម្ដង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាលរដូករណេលបែបនេះ។

លោក អនុសេនីយ៍ឯក កែវ ចន្នី នាយផ្នែកសណ្ដាប់ធ្នាប់បន្តថា ជនរងរបួស និងស្លាប់ ទី១ ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល(ស្រាល)អ្នកបើកបរ និងអ្នករួមដំណើរ ទី១ ឈ្មោះ ជឿន វិសិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា(របួសស្រាល) ទី២ ឈ្មោះ អាត ពៅ ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា(ធ្ងន់) និងទី៣ ឈ្មោះ ផល់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់)។

លោកនាយផ្នែកសណ្ដាប់ធ្នាប់បន្តទៀតថា ចំពោះជនរងរបួសបានចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកសាកសព និងវត្ថុតាងរថយន្តបង្កហេតុ ជំនាញកំពុងចាត់ចែង ហើយករណីខាងលើជំនាញកំពុងស្រាវជ្រាវរកអំពីមូលហេតុ៕ ប៉ឹម ពិន


ចែករំលែក៖