ក្រុមភេរវកម្ម បានសម្រុកចូលសណ្ឋាគារ ផ្កាយ៥ នៅអាហ្វហ្គានីស្ថានសម្លប់មនុស្ស៥នាក់និង ចាប់មនុស្សជាង១០០នាក់ធ្វើជាចំណាប់ខ្មាំង ។ កម្លាំងប្រឆាំងភេរវកម្ម នៅអាហ្វហ្គានីស្ថាន បានឡោមព័ទ្ធ កម្ចាត់ក្រុមភេរវកម្មដោយប្រើប្រាស់ រយៈពេលជាង ១០ម៉ោង។
នៅថ្ងៃទី២១ ខែមករា កម្លាំងប្រឆាំងភេរវកម្ម បានបញ្ចប់យុទ្ធនាការឡោមព័ទ្ធ សណ្ឋាគារ Intercontinental នៅទីក្រុងកាប៊ូល សម្លាប់ក្រុមភេរវកម្មដែលចាប់មនុស្សជាង ១០០នាក់ធ្វើជាចំណាប់ខ្មាំង។ ក្រោយការប៉ះទង្គិចគ្នាជាង ១០ម៉ោង ក្រុមភេរវកម្មត្រូវបានសម្លាប់ និងរំដោះចំណាប់ខ្មាំងបានដោយជោគជ័យ។
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Najib Danish បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់ត្រូវ ក្រុមភេរវកម្មសម្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ខាងលើ ។ ក្នុងចំណោមចំណាប់ខ្មាំងជាង១០០នាក់ មានជនបរទេស១៦នាក់។
តាមការលើកឡើងរបស់អ្នកគ្រប់គ្រង សណ្ឋាគារខាងលើ លោក Ahmad HarisNayabបានឲ្យដឹងថា ក្រុមភេរវកម្ម បានសម្រុកចូលអាគារតាមផ្លូវក្រោយ (ចង្ក្រានបាយ) ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមភេរវកម្មបានចាប់បុគ្គលិក និងភ្ញៀវដែលស្នាក់នៅទីនោះ ធ្វើជាចំណាប់ខ្មាំង។ ក្រុមកម្ចាត់ក្រុមភេរវកម្ម របស់អាហ្វហ្គានីស្ថានបានសម្លាប់ភេរវករ ២នាក់នៅថ្ងៃទី២០ ខែមករា ចំណែកភេរវករផ្សេងទៀត ត្រូវបានសម្លាប់នៅ ថ្ងៃទី២១ ខែមករា ។ នៅក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យមានការឆាប់ឆេះ នៅបន្ទាប់ជាច្រើនផងដែរ។
ហេតុការណ៍ខាងលើកើតឡើងក្រោយប៉ុន្មានថ្ងៃដែលអគ្គរដ្ឋទូតអាមេរិកបានព្រមានថា អាចនឹងមានការវាយប្រហារទៅលើសណ្ឋាគារនៅទីក្រុងកាប៊ូលប្រទេសអាហ្វហ្គានីស្ថាន។ មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខ ទទួលស្គល់ពីសកម្មភាពវាយប្រហារខាងលើនៅឡើយ។
សណ្ឋាគារ Intercontinental គឺត្រូវបានការពារយ៉ាងតឹងតែង ដូចជា អគារសាធារណៈផ្សេងៗទៀត នៅក្នុងទីក្រុងកាប៊ូល ។ កាលពីឆ្នាំ២០១១ ក្រុមភេរវកម្មតាលីបង់ក៏បាន វាយប្រហារសណ្ឋាគារប្រណីតនៅទីក្រុងនេះដែរ៕ ម៉ែវ សាធី