ខេត្តកណ្តាល៖ មន្ត្រីតុលាការ បានប្រាប់ឲ្យដឹងថា តុលាការរកឃើញមូលហេតុហើយ ក្រោយការស៊ើបអង្កេតជាបន្តបន្ទាប់ និងសាកសួរ ប្រមូលភស្តុតាង សព្វគ្រប់ហើយ លទ្ធផលបង្ហាញថា ការស្លាប់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្ដាលពុំមែនជាការលោតពីស៊ីទែនទឹកស្លាប់ខ្លួន ដូចរបាយការណ៍របស់ប្រធានពន្ធនាគារទេ គឺជាការវៃតប់គ្នារវាងអ្នកទោស នឹងអ្នកទោសដែលបណ្ដាលឲ្យអ្នកទោសម្នាក់ស្លាប់ ។
មន្ត្រីតុលាការបានប្រាប់ឲ្យដឹងទៀតថា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ពុំត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ទេ ដោយសារពុំមានការជាប់ពាក់ព័ន្ធ ខណៈអ្នកទោស១២នាក់ ត្រូវបានចោទប្រកាន់បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ករណីវៃតប់គ្នារហូតដល់ស្លាប់អ្នកទោសម្នាក់ក្នុងពន្ធនាគារ ។ មជ្ឈដ្ឋានមួយចំនួន រិះគន់អំពីការគ្រប់គ្រងអ្នកទោស ដែលធ្វើឲ្យកើតមានបាតុភាពអាក្រក់នេះកើតឡើង ។
ទោះបីយ៉ាងណា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ពុំត្រូវបានតុលាការចោទប្រកាន់ទេ ព្រោះពុំមានការជាប់ពាក់ព័ន្ធ។
មន្ត្រីតុលាការ បញ្ជាក់ថា អ្នកទោស១២នាក់ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទផ្តើមគំនិត សមគំនិត បទហិង្សាដោយចេតនា និង បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២៨ មាត្រា២៩ មាត្រា២១៧ និង មាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
ជនត្រូវចោទឈ្មោះ មុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំ ជាប់ចោទពីបទ”ធ្វើឲ្យខូចខាតដោយចេតនា”ប្រព្រឹត្តនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ ជននេះ ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ ដែលអ្នកដឹងរឿងច្បាស់អះអាងថា មិនមែនជាករណីលោតសម្លាប់ខ្លួនទេ គឺជាករណីវៃតប់គ្នាក្នុងពន្ធនាគារ ។
លោក ណុស បូផល មេធាវីតំណាងម្តាយសពជនរងគ្រោះថ្លែងថា កាលដែលម្តាយប្តឹងចូលតុលាការ គឺ ចង់ឲ្យតុលាការស្វែងការពិតក្នុងករណីនេះ ដែលម្តាយនៃសពអះអាង ថាសពកូនប្រុសមានស្លាកស្នាមច្រើនដែលមិនទំនងជាការលោតសម្លាប់ខ្លួននោះទេ ។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគាខេត្តកណ្តាល បដិសេធថា នេះពុំមែនជាករណីវៃតប់គ្នារហូតដល់ស្លាប់ទេ គឺ អ្នកទោសលោតសម្លាប់ខ្លួនឯង ៕ ឆ ដា