ខេត្តតាកែវ៖ ក្មេងប្រុស២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ គឺថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
នគរបាលស្រុកទ្រាំង បានឲ្យដឹងថា ករណីទី១ កើតឡើងនៅចំណុចត្រពាំងក្បែផ្ទះក្នុងភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ចន្លោះម៉ោង១០ទៅ១០និង៣០នាទីព្រឹក ដែលបណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ឈ្មោះ ថាច់ រតនៈ ភេទប្រុសអាយុ១៤ខែ រស់នៅជាមួយតា និងយាយឈ្មោះហេង រ៉េត អាយុ៦០ឆ្នាំ ឈ្មោះអុ៑យ វណ្ណា អាយុ៦០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកឱពុកម្តាយទៅរកស៊ីនៅប្រទេសថៃ។ រីឯករណីទី២ កើតឡើងនៅភូមិអូរតាសេក ឃុំអង្អកែវ ស្រុកទ្រាំង ខេត្តតាកែវ ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់ទៀតស្លាប់ ឈ្មោះ យ៉ន វណ្ណរាជ ភេទប្រុស អាយុ១២ខែ សព្វថ្ងៃរស់នៅជាមួយតា និងយាយឈ្មោះសុត រ៉េយ អាយុ៤៧ឆ្នាំ និងឈ្មោះតូសាម៉ៃ អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំខាលើ ចំណែកឱពុកម្តាយទៅរកស៊ីនៅប្រទេសថៃដូចគ្នា។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះស្រាវធ្វើកោសល្បវិច័យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះទាំងពីរនាក់ខាងលើពិតជាលង់ទឹកស្លាប់ប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា