ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសបិទសន្និបាតការងារអត្តសញ្ញាណកម្ម នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីមហាផ្ទៃបានមានប្រសាសន៍ថា សម្តេចមិនពេញចិត្តនូវសន្និបាតការងារត្រួតពិនិត្យចរាចរណ៍ប្រចាំឆ្នាំនេះ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ។ ខ្ញុំមិនសូវពេញចិត្តប៉ុន្មានទេ ពីព្រោះលទ្ធផលវាមិនសូវល្អដូចឆ្នាំ២០១៦ នេះជាការពិត។
សម្តេចបន្តមានប្រសាសន៍ធ្ងន់ៗសំដៅទៅលើម៉ូតូដែលភាគច្រើនមិនពាក់មួកសុវតិ្ថភាព។ សម្តេចក្រឡាហោមបន្តថា រឿងមិនពាក់មួកហ្នឹងតែម្តង យើងរកឃើញថាគ្រោះថ្នាក់ម៉ូតូ៧៨% ក្នុងនោះគ្រោះថ្នាក់មិនពាក់មួក៧៧% ជិះម៉ូតូស្រវឹង ជិះម៉ូតូបើកបរលឿន និងករណីផ្សេងៗទៀតនៅបន្តមានបញ្ហា។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងនូវប្រសាសន៍ពាក់ព័ន្ធនឹងករណីរថយន្តពាក់ស្លាកលេខ (ខ.ម) និងលេខ(ន.ប)។ ដោយសម្តេចបានលើកយកករណីជាក់ស្តែងថា មានរថយន្តពាក់ស្លាកលេខ ខ.ម បានបើកវ៉ាក្បួនគណៈប្រតិភូVIP ចេញពី NAGA ហើយក៏មិនដឹងថា ខ.ម នោះមកពីណាក្លែងក្លាយ ឬពិត។ មិនត្រឹមតែប៉ុណ្ណោះអ្នកបើកបរនោះជាជនបរទេសទៀត។ នេះជាបញ្ហា។
ក្នុងរូបភាពនេះ សម្តេចក៏បានស្នើឲ្យនាយឧត្តសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិធ្វើយ៉ាងណាត្រូវគ្រប់គ្រងរថយន្តដែលពាក់ស្លាកលេខ ន.ប ឲ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងមានបញ្ហាទៀត ដែលកន្លងទៅធ្លាប់កើតមានម្តងជាពីរដងហើយនោះ។ ក្នុងនោះសម្តេច ក៏បានលើកឡើងសំដៅទៅលើអគ្គនាយកដ្ឋានសាធារណៈការ ដែលបានចេញនូវអាជ្ញាប័ណ្ណបើកបរឲ្យជនបរទេស ដែលជាការខុសទាំងអស់ ទាំងបែបបទរដ្ឋបាល មិនថារថយន្តនោះបង់ពន្ធស្របច្បាប់ដែលឬអត់ នេះជាបញ្ហាមួយដោយឡែកទៀត ដែលរដ្ឋមន្ត្រីក្រសួងមិនដឹងបញ្ហានេះ ដែលខាងអគ្គនាយកដ្ឋានជាអ្នកចេញអាជ្ញាប័ណ្ណបើកបរឲ្យជនបរទេស។ សម្តេចក៏បានព្រមានផងដែរថា នេះមិនយកទោសពៃរ៍ស្អីទេ តែកុំឲ្យមានទៀត។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់នូវប្រសាសន៍ណែនាំ និងជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវចុះធ្វើការណែនាំអប់រំដល់សាធារណៈជនកុំឲ្យប្រើប្រាស់អំពើហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ ក៏ត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរាបរយសាធារណៈឲ្យបានជាប់ជាប្រចាំ និងបំបាត់ជាបណ្តើរៗការចតពាស់វាលពាសកាល និងការប្រើប្រាស់ចិញ្ចើមថ្នល់ជាផលប្រយោជន៍ឯកជន៕ តាឡឹម