ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិតម្នាក់ ដែលលួចរត់ពីពន្ធនាគារ ដោយដាក់ពន្ធនាគារ១៨ខែ និង ពិន័យជាប្រាក់២លានរៀល។
មន្ត្រីតុលាការ ថ្លែងថា ទណ្ឌិតរូបនេះឈ្មោះ បាន គ្រាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ធ្លាប់ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ពីបទលួច ហើយនៅសល់២ខែទៀតនឹងមានសេរីភាពវិញ បែរលួចរត់ពីមន្ទីរឃុំឃាំង។
ក្នុងសវនាការ ទណ្ឌិតឈ្មោះ បាន គ្រាក់ បានសារភាពថា រូបគេកំពុងជាប់ឃុំ និងអនុវត្តទោស ២ឆ្នាំ ក្នុងសំណុំរឿង លួច ដោយសារតែខ្លួន ជិតបានចេញទៅផ្ទះវិញ ទើបខាងពន្ធនាគារ អនុញ្ញាតឱ្យខ្លួន អាចចេញធ្វើពលកម្មនៅក្រៅបន្ទប់ឃុំឃាំងបាន។ ដោយឃើញជាឱកាសល្អ ខ្លួនក៏លួចរត់ទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់បាន នៅម្តុំវត្តភ្នំមកដាក់គុកវិញដដែល ៕ចេស្តា