ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារត្រូវបានខាតបង់ក្នុងមួយខែសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា៖ រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកា ក្នុងការខាតបង់ក្នុងមួយខែៗប្រ មាណ ១៥ម៉ឺនដុល្លារ ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្សានុ សិស្ស ជាដើម។ លោកអភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ បែបនេះ កាលពីថ្ងៃអង្គា ៤កើតខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែមករា ក្នុងកិច្ចប្រជុំជាមួយ អាជ្ញាធរខណ្ឌ ,ប្រធានមន្ទីរ ,ចៅសង្កាត់ ,ស្មៀនទាំងអស់នៅក្នុងមូលដ្ឋានរាជធានី នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងតួនាទី និងភារកិច្ច ក្នុងការបម្រើសេវាជូនប្រជា ពលរដ្ឋ។

លោកអភិបាលបានបញ្ជាក់ថា៖ ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃខាតបង់សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ ។ ប៉ុន្តែបើទោះបីជាខាតបង់យ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនរុញរានោះទេ សំខាន់ឲ្យ សេវាដឹកជញ្ជូនសាធារណៈនេះប្រើប្រាស់ឲ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន ។

លោកបានបញ្ជាក់ទៀថា៖ រថយន្តដឹកជញ្ជូនអ្នកដំណើរសាធារណៈ បច្ចុប្បន្ននេះឃើញថា មានភាពយឺតយ៉ាវ ខណៈដែលលោកអង្គុយចាំជិះនៅចំណតរថយន្តមុខវិទ្យាល័យ ជាស៊ីម សន្ធម៉ុក ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃចន្ទយកន្លងមកនេះ។ ជុំវិញបញ្ហានេះ លោកបានស្នើឲ្យអភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ ពិនិត្យឡើងវិញកុំឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជា ពលរដ្ឋដែលទទួលលើសេវានេះ ។ ក្នុងនាមយើងជាមន្ត្រីកុំនៅក្នុង បន្ទប់ម៉ាស៊ីនត្រជាក់ ធ្វើការជាមន្ត្រីជើង១០ ត្រូវដើរមើលការងាររបស់ខ្លួនគ្រប់គ្រងនៅតាមមូលដ្ឋានផង។ ចំពោះសេវារថយន្តដឹកអ្នកដំណើរសាធារណៈនេះ

លោកឃួង ស្រេង ក៏បានជម្រុញឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ជួយចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញផងដែរ ពោលគឺបើឃើញថា មានភាពអសកម្មសូមជួយរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យសេវានេះដំណើរការទៅបានរលូន និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ៕ សំរិត


ចែករំលែក៖