ខេត្តសៀមរាបៈ ស្ទើរតែមិនជឿទាល់តែសោះដែលក្មេងប្រុសចិត្តខ្លាំងម្នាក់ គ្រាន់តែម្តាយវ៉ៃ២រំពាត់ ដោយសារមិនទៅរៀន បែរជាខឹងជិះកង់ទៅទិញសាំងចាក់ដុតសម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកអង្គរជុំបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ គង់ ចា អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។នៅមុនពេលកើតហេតុ ម្ដាយក្មេងប្រុសរងគ្រោះខាងលើ បានដេញកូន(ជនរងគ្រោះ)ឲ្យទៅរៀន ប៉ុន្តែកូនគាត់មិនព្រមទៅរៀនទេ បែរជាទៅស៊ីឈ្នួលកាប់ដំឡូងឲ្យគេទៅវិញ។ លុះពេលម្តាយដឹងថា កូនប្រុសអត់ទៅរៀនក៏ខឹង ហើយបានវាយ២រំពាត់ដើមដំឡូងប្រដៅកុំឲ្យគេចសាលា ។ ក្រោយមកជនរងគ្រោះតូចចិត្ត និងខឹងម្តាយវ៉ៃ ក៏ជិះកង់ទៅទិញសាំងបានមួយដបមកចាក់ស្រោចលើខ្លួន រួចកេះដែកកេះដុតខ្លួនបណ្តាលឲ្យឆេះស្លាប់នៅក្នុងចម្ការដំឡូងមី ដោយបន្សល់ទុកកង់១គ្រឿង និងកាបូបសៀវភៅ១ នៅក្បែរសព ដោយគ្មានអ្នកណាជួយទាន់ឡើយ ។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាននិងនគរបាលជំនាញទៅដល់ ធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យរួចប្រគល់សាកសពក្មេងប្រុសរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី