ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសអភិបាលរងខេត្តប៉ៃលិនថ្មីចូលកាន់មុខតំណែង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន លោក ប៉ុល លឹន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ចេង ញ៉ាន់ ជាអភិបាលរងខេត្តប៉ៃលិនថ្មី។

លោក កើត សុធាអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈនិងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយរលូនល្អ និងរីកចំរើនជាលំដាប់ ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងច្បាប់គោលមួយចំនួនទៀត ដូច្នេះអភិបាលរងដែលបានតែងតាំងថ្មីនេះត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ត្រូវមានការទទួលខុសត្រូវខ្ពស់ មានតម្លាភាពមានសាមគ្គីភាពនិងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារលិខិតបទដ្ឋាននានាយកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅកែទម្រង់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំដែងនូវការកោតសរសើចំពោះថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលបានយកអស់កំលាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចលើគ្រប់វិស័យក្នុងខេត្តប៉ៃលិនអោយមានការរីចចំរើន ដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

លោកបានផ្តាំផ្ញើដល់អភិបាលរងខេត្តដែលទើបចូលកាន់តំណែងថ្មីត្រូវយកចិត្តទុកដាក់នៅគ្រប់ពេលវេលាបំពេញភារកិច្ចដោយអនុវត្តន៍ស្មារតីសាមគ្គីភាពក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ហើយត្រូវខិតខំស្វែងយល់និងអនុវត្តន៍ឱ្យបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចតេជោហ៊ុន,សែន,ជាប្រមុខជាពិសេសគឺត្រូវយល់ច្បាស់ខ្លឹមសារនិងគោលបំណងទាំង៤នៃយុទ្ធសាស្ត្រដំណាក់កាលទី៣ គឺកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ លោក ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចេះសំរបសំរួល លើការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវធ្វើអោយបានទាន់ពេលវេលាហើយជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកធនធានមនុស្សឱ្យបានច្រើន ដើម្បីធ្វើការអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានរីកចំរើនលើគ្រប់វិស័យទៅថ្ងៃអនាគត ។

បើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល លេខ ១៤៤ អនក្រ.តត ត្រូវបានតែងតាំង លោក ចេង ញ៉ាន់ ឋានន្តរស័ក្កឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ ពីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក អៀង វុធ ដែលត្រូវទៅកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ៕ ស សារ៉េត


ចែករំលែក៖