គេរាយការណ៍ថា បទល្មើសនេសាទនៅដែនសមុទ្រខេត្តកំពត តាមរយៈការឃុបឃិតអនុញ្ញាតឲ្យអ្នកនេសាទបរទេសចូលមកនេសាទក្នុងដែនទឹកខ្មែរកើនឡើងគួរកត់សម្គាល់។ ប្រធានរដ្ឋបាលជលផលព្រងើយកន្តើយចំពោះបញ្ហានេះដែលធ្វើឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្មយល់ថា លោក អេង ជាសាន បានផលប្រយោជន៍ឬលាភសក្ការពីលោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពតនោះហើយ ទើបស្ងាត់ស្ងៀមចំពោះរឿងនេះ ។ ដូច្នេះប្រជានេសាទខ្មែររំពឹងថា អភិបាលខេត្តកំពតដែលទើបកាន់តំណែងថ្មីនឹងចាត់វិធានការចំពោះបញ្ហាបទល្មើសនេសាទនៅដែនសមុទ្រនោះផង។
ប្រភពបានរាយការណ៍ថា បទល្មើសនេសាទក្រោមក្រសែភ្នែករបស់លោក ស សូរិន្ទ ដែលកាន់អំណាចនេះជិត២០ឆ្នាំមកនេះ បង្កឲ្យមានមហន្តរាយមកហើយ។ មានមន្ត្រីជលផលនៅខេត្តកំពតធ្លាប់រងគ្រោះ ព្រោះតែស្វែងរកផលប្រយោជន៍ឲ្យលោកស សូរិន្ទ រហូតដល់បាត់បង់ជីវិតក៏មានដែរ ប៉ុន្តែលោកស សូរិន្ទ មិនដែលខ្វល់អ្វីឡើយ គឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ផលប្រយោជន៍នៅដែនសមុទ្រខេត្តកំពតទទួលបានយ៉ាងក្រាស់ក្រែលហើយស្ងាត់ស្ងៀមជាទីបំផុត។ គ្មានមហាជនណាមើលឃើញពីបទល្មើសនៅដែនសមុទ្រនៅឡើយ ក្រៅតែពីអ្នកនេសាទខ្មែរប៉ុន្មានសិបនាក់នោះ។
ជារឿងអ្នកនេសាទខ្មែរតែងតែផ្ទុះបាតុកម្មប្រឆាំងនឹងក្រុមលោកស សូរិន្ទ ដែលអនុញ្ញាតឲ្យបណ្តាជនវៀតណាមចូលនេសាទក្នុងដែនទឹកខ្មែរ ប៉ុន្តែសម្រាប់អ្នកនេសាទខ្មែរវិញត្រូវប្រឈមនឹងការបង្ក្រាបយ៉ាងសាហាវ ។ បើទោះបីជាមានការតវ៉ាច្រើនលើកច្រើនសាពីអ្នកនេសាទខ្មែរយ៉ាងណាក៏ដោយ ក៏បទល្មើសនេសាទតាមរយៈការអនុញ្ញាតឲ្យជនបរទេសចូលមកនេសាទក្នុងដែនទឹកខ្មែរនៅតែកើតមានជាហូរហែ ។ បណ្តាជនវៀតណាមមានសិទ្ធិចូលមកនេសាទក្នុងដែនទឹកខ្មែរ ហើយប្រើអំពើហិង្សាលើអ្នកនេសាទខ្មែរទៀតផង។ ប្រជានេសាទខ្មែរមិនទទួលបានការគាំពារ ឬយកចិត្តទុកដាក់ពីសមត្ថកិច្ចជលផលនោះឡើយ។
ប្រជានេសាទខ្មែរនៅខេត្តកំពតរំពឹងថា អភិបាលខេត្តកំពតដែលទើបតែកាន់តំណែងថ្មីលោកជាវ តាយ នឹងពិនិត្យពិច័យលើករណីអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនសមុទ្រខ្មែរនោះផង បើរំពឹងទៅលើលោក អេង ជាសាន ឲ្យដាស់តឿនលោកស សូរិន្ទនោះ គឺគ្មានប្រយោជន៍ទេ ។ លោកអេង ជាសាន ងាប់ត្រគាកស្តូកមិនថាតែបទល្មើសនេសាទទឹកសាបនោះទេ សូម្បីតែបទល្មើសនៅដែនសមុទ្រក៏មិនខ្វល់ដែរ ។ បើប្រៀបធៀបទៅនឹងមេជលផលមុនៗ លោកអេង ជាសាន ត្រូវមហាជនមើលឃើញថា មិនខ្វល់អ្វីឡើយ ៕