ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃ ៨កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ គង់ គីម និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ៩៧១នាក់ ។
ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅសាលប្រជុំ សូវ៉ាឌីហ្គោល ស្ថិតក្នុងសង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ ដែលមានអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ចូលរួមសរុបចំនួន ១០៦០នាក់ ។
លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដែលបានចូលរួមការពារជាតិ មាតុភូមិ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ទន្ទឹមនោះបងប្អូនអតីតយុទ្ធជនបានសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត កសាង និងអភិវឌ្ឍន៍ក្លាយជាកម្លាំងចលករដ៏រឹងមាំ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ៩ចំណុច ។
លោក យន្ត មីន ក៏បានសំនូមពរ បងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា កន្ទុយលេខ ជល់មាន់ ។ល។ ចូលរួមគោរពច្បាប់ចរាចរណ៍ ។ អាស្រ័យដោយប្រទេសជាតិមានការរីក ចម្រើន ពិសេសខេត្តព្រះ សីហនុ សន្ទុះនៃការវិនិយោគ និងទេសចរណ៍មានសន្ទុះកើនឡើងយ៉ាងគំហុក ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពនៅតាមមូលដ្ឋាន ក្នុងនោះក៍មានអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានចូលរួមក្នុងសកម្មភាពសង្គមយ៉ាងសកម្មនៅតាមមូលដ្ឋាន និងសហគមន៍ ។
លោក នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា អតីតយុទ្ធជនរបស់យើងបានបំពេញតួនាទីបម្រើជាតិ មាតុភូមិ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ បានបន្សល់ទុកនូវជនពិការ ពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុុជា ជាពិសេសអតីតយុទ្ធជនខេត្តព្រះសីហនុមានជាង ១,០០០ នាក់ ដោយឡែកអតីតយុទ្ធជននៅទូទាំងប្រទេសសរុបមាន ១០ម៉ឺននាក់ ដែលមានក្នុងបន្ទុករហូតដល់ ៤៨ម៊ឺននាក់ ។
បងប្អូនអតីតយុទ្ធមានតួនាទីជាសេនាធិការឱ្យសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានទប់ស្កាត់នូវរាល់បទល្មើសនៅក្នុងមូលដ្ឋានតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ។ ដោយសារតែខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលឿន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង គឺអាស្រ័យដោយយើងមានសន្តិភាព ស្ថេរភាពនយោ បាយ ។
ក្នុងឱកាសនោះលោក នាយឧត្ដមសេនីយ៍ គន់ គីម ក៏បានសំណូមពរឲ្យឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត បង្កលក្ខណៈងាយស្រួលដល់អតីតយុទ្ធជន និងជួយដោះស្រាយដីសង្គមកិច្ច និងសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជន មានជីវភាពទីទាល់ក្រចំនួន ៥៧គ្រួសារ ពិសេសអតីតយុទ្ធជនដែលរស់នៅលើដីសាធារណៈរបស់រដ្ឋចំនួន ១៩គ្រួសា ដោយជ្រើសរើសដីសម្បទានសង្គមកិច្ច បែងចែកជូនពួកគាត់ ដើម្បីមានដី សង់ផ្ទះស្នាក់នៅសមរម្យ ។ រដ្ឋបាលខេត្ត បន្តបែងចែកដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនចំនួន ៥៧គ្រួសារ និងបន្តរកដីសម្បទានសង្គមកិច្ចចែកជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដែលមានចំនួន ១០៦០នាក់ បន្តទៀត ។
ក្នុងឱកាសនោះលោក នាយឧត្ដមសេនីយ៍ គន់ គីម ក៏បានបំពាក់មេដាយការពារជាតិជូនដល់យុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ចំនួន ៩៧១នាក់ មានមេដាយមាស ប្រាក់ និងសំរឹទ្ធ និងចែកអណោយជូនអតីតយុទ្ធជនចូលរួមចំនួន ១០៦០នាក់ ក្នុងម្នាក់ៗទទួលបាន មី ០២កេស , ត្រីខ ៣០កំប៉ុង , ទឹកដោះគោ ០២កំប៉ុង និងថវិកា ៥០,០០០រៀល ៕ ហេង សូរិយា