ព័ត៌មានទាន់ហេតុការណ៍៖

បែកថ្នាំទៀតហើយចូលអុកឡុកឃ្លាំងផលិតក្រណាត់នៅសង្កាត់ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចអះអាងថា ជាមនុស្សបែកថ្នាំបានចូលទៅអុកអុកក្នុងឃ្លាំងផលិតក្រណាត់មួយកន្លែង ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។ សាក្សីឲ្យដឹងថា ពេលចូលទៅក្នុងឃ្លាំងនោះ ជនសង្ស័យបានធ្វើសកម្មភាពអុកឡុក ហើយកម្មករនៅក្នុងឃ្លាំងនោះបាននាំគ្នាចាប់ ប៉ុន្តែចាប់មិនបាននោះទេ គឺជននោះបានវាយបំបែកកញ្ចក់យកអម្បែងគំរាម គ្មាននរណាម្នាក់ហ៊ានចូលជិតឡើយ ហើយក៏រាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន និងសមត្ថកិច្ចខណ្ឌផងដែរបានចូលដល់ទីតាំងកើតហេតុ ធ្វើសកម្មភាពព័ទ្ធចាប់ជនសង្ស័យ រួចនាំខ្លួនមកសាកសួរ ហើយសមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យនិយាយមិនដឹងក្បាលកន្ទុយអ្វីឡើយ គេជាមនុស្សបែកថ្នាំ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ នៅក្នុងខណ្ឌដូនពេញមានបុរសម្នាក់ស្រាតអៅ ខោចោលអស់ ដើរននលគោកតាមផ្លូវសាធារណៈដោយសារតែបែកថ្នាំផងដែរ ហើយកាលពី១ថ្ងៃមុននេះ ក៏មានជនបែកថ្នាំម្នាក់ទៀតនៅខណ្ឌចំការមនបានយកដែក និងកូនកាំបិតចាក់បុរសពិការដៃម្ខាងបណ្តាលឲ្យរងរបួសជាទម្ងន់ ៕ ជឹម ភារ៉ា


ចែករំលែក៖