ភ្នំពេញ៖ គណ:បញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ ហ្គេមបាញ់ត្រី មួយកន្លែងឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតទូហ្គេមបាញ់ត្រីចំនួន១ទូ កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៩ នៅចំណុចក្នុងផ្ទះឈើសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យ ឈ្មោះ ប៉ុន ប្រិមប្រិយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) និងឈ្មោះ ប៉ុន រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្លាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។ ក្នុងនោះសមត្ថកិច្ចដកហូត ៖ ប្រាក់រៀលចំនួន៤០.០០០រៀល និងទូរហ្គេមបាញ់ត្រីចំនួន០១គ្រឿង រក្សាទុកនៅសាលាខណ្ឌសែនសុខ ។
ប្រភពថា កម្លាំងរបស់គណ:បញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក ហោ វាសនា អភិបាលរង តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងងមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងប្រតិបត្តការចំចុះបានចុះបង្ក្រាបជាក់ស្តែងឃាត់បានជនសង្ស័យជាអ្នកលេងល្បែងចំនួន២នាក់ និងដកទូហ្គេមបាញ់ត្រី ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា