ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាតវ៉ាក្រុមហ៊ុន ហ្វាមើរ រីរ៉ា ឌីវេឡុបមេន បន្ទាប់ពីពួកគាត់ ចាញ់ល្បិចឆបោក ក្រុមហ៊ុនលក់ដី ម្នាក់ៗអស់រាប់ពាន់ដុល្លារ ដោយសារក្រុមហ៊ុន ហ្វាមើរ រីរ៉ា ឌីវេឡុបមេន លក់ដីខ្យល់ឲ្យពលរដ្ឋ ហើយពេលពួកគាត់ត្រូវការសាងសងផ្ទះ ទើបបែកធ្លាយរឿង សុទ្ធតែដីគេទាំងអស់ ផ្អើលអតិថិជន នាំគ្នាតវ៉ា ទាមទាររកដី និងទាមទារយកលុយវិញ ។
ហេតុការណ៍ភ្ញាក់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ដោយមានពលរដ្ឋប្រមាណជាង១០នាក់ នាំគ្នាទៅតវ៉ា ដល់ក្រុមហ៊ុនលក់ដីខ្យល់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៨០ ផ្លូវចូលវត្តសំរោងអណ្តែត ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានទិញដីពុះឡូត៍ របស់ក្រុមហ៊ុន ហ្វាមើរ រីរ៉ា ឌីវេឡុបមេន ខូអិលធីធី ក្នុងតម្លៃ ទៅតាមប្រភេទឡូត៍ ចាប់ពីជាង២០០០ដុល្លារ ទៅជាង៥០០០ដុល្លារ ដែលមានទីតាំងនៅក្នុងភូមិទួលព្រិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រុមហ៊ុនមានចេញ បង្កាន់ដៃ ទិញលក់ បងលុយ ឯកសារត្រឹមត្រូវ ជាមួយអ្នកទិញ មានអតិថិជនមួយចំនួនបង់លុយគ្រប់ មានអ្នកខ្លះ កំពុងបង់រំលោះ លុះមានអ្នកដែលចង់ទៅសាងសង់លំនៅដ្ឋានលើដីឡូត៍ដែលខ្លួនបានទិញពីក្រុមហ៊ុន ស្រាប់តែ ម្ចាស់ដីដើម ពិតប្រាកដរបស់គេមែនទែន រារាំង ទើបផ្ទុះបែករឿង ក្រុមហ៊ុនលក់ដីខ្យល់ ជូនប្រជាពលរដ្ឋ ។
គួរបញ្ជក់ថា ភាពមិនប្រក្រតីរបស់ក្រុមហ៊ុនលក់ដីខ្យល់ខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ា មកដល់ក្រុមហ៊ុនច្រើនលើកច្រើនសារមកហើយ តែបរាជ័យនូវការទាមទារយកលុយវិញ ឬយកដីថ្មី បន្ទាប់ពីតំណាងក្រុមហ៊ុនសន្យាខ្យល់ទៀតហើយ ម្តងសងលុយថ្ងៃនេះ ម្តងសងលុយថ្ងៃនោះ មកដល់ព្រឹកថ្ងៃទី២៥ ខែមករា នេះ វត្តមានពលរដ្ឋមកសារជាថ្មី ផ្អើលទាំងសមត្ថកិច្ច អាជ្ញាធរ ចុះទៅសម្របសម្រួល ហើយអញ្ជើញតំណាងក្រុមហ៊ុន លក់ដីខ្យល់ ចុះទៅនិយាយដោះស្រាយគ្នា ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅសាលាខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៥ ខែមករា នេះហើយនៅតែមិនដាច់ស្រេច ៕ តុង សីហា