ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ស្លាប់នៅពេលយកទៅព្យាបាលនៅផ្ទះពេទ្យឯកជនមួយគ្មានស្លាកយីហោ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់មានជំងឺបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែងគ្មានយីហោ ស្រាប់តែស្លាប់ភ្លាម។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមកា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះសុខ ឡេង អាយុ១២ឆ្នាំ ឪពុកឈ្មោះឆីន ហេម មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។ គ្រូពេទ្យដែលព្យាបាលឈ្មោះយឹម សីុវន (ព្យាបាលជំងឺឯកជននៅផ្ទះ)ពុំមានបើកជាគ្លីនិចនោះទេ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នាកន្លែងកើតហេតុខាងលើ ។ ឪពុកក្មេងប្រុសរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់បានឈឺរយះពេលបីថ្ងៃមកហើយរូបគាត់ ក៏បានឲ្យពេទ្យគ្មានយីហោនោះចាក់ថ្នាំឱ្យព្រោះផ្ទះស្ថិតនៅក្បែរគ្នា។ ពេលនោះពេទ្យឯកជនបានឱ្យពេទ្យឈ្មោះវ៉ន ចាក់ថ្នាំ មួយម្ជុល និងព្យួរសេរ៉ូមព្រមទាំងឲ្យផឹកថ្នាំងងុយដេកមួយគំរបដបក្រោយមកកូនរបស់គាត់មានសភាពខុសធម្មតា ។

ពេទ្យឈ្មោះវ៉ន ក៏បានឲ្យគាត់ជាឪពុកយកក្មេងនោះត្រឡប់មកផ្ទះ វិញ ចេញពីផ្ទះពេទ្យបានប្រមាណដីជាង៣០០ម៉ែត្រ កូនរបស់គាត់បានស្លាប់តែម្តង។

ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននរគបាលស្រុកកូនមុំស្រាវជ្រាវ ដើម្បីកំណត់ថា ក្មេងប្រុសស្លាប់ដោយមូលហេតុអ្វីពិតប្រាកដ តែលទ្ធផលគ្មានទេ បានត្រឹមតែក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ៕ សហការី


ចែករំលែក៖