ខេត្តស្ទឹងត្រែង៖ ក្បាលគ្រាប់ផ្លោងមិនទាន់ផ្ទុះទំហំ១០០មីល្លីម៉ែត្រមួយគ្រាប់ ដែលផលិតនៅប្រទេសអាមេរិក កប់ដីជំរៅប្រហែល១ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ពេលដែលជីកកាយដីចាក់ឲ្យស្មើ ដើម្បីសង់លំនៅឋាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមកា ឆ្នាំ២០១៨ នៅចំណុច ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោក ភូ វង្ស នាយស្នាក់ការការិយាល័យទី២ កងទ័ពជើងគោកប្រចាំខេត្ត បានឲ្យដឹងថា ក្បាលគ្រាប់ខាងលើ ជាប្រភេទគ្រាប់ផ្លោងទំហំ១០០មីល្លីម៉ែត្រ ផលិតចេញពីប្រទេសអាមេរិក ដែលទំលាក់ក្នុងប្រទេសកម្ពុជា ក្នុងកំឡុងឆ្នាំ1970-1975 ក្បាលគ្រាប់នេះ អាចនឹងផ្ទុះបានភ្លាម ព្រោះរំសេវ និងគីបក្បាលគ្រាប់ ពុំស្អុយទេ នៅស្អាតល្អ។
លោកថា គ្រាប់នេះអាចបាញ់ចេញពីរថក្រោះ ឬបាញ់ផ្លោងចេញពីកាំភ្លើងដែលមានកាណុងវែងៗ ដូចជា៖ ប្រភេទដេកាជាដើម ក្នុងសម័យសង្គ្រាមកំឡុងឆ្នាំ1970 ដល់ឆ្នាំ1975, លោកបានទាក់ទងទៅមន្ត្រីជំនាញរួចហើយ ដើម្បីមកយកគ្រាប់នេះទៅរក្សាទុកទីកន្លែងមានសវត្ថិភាព៕ មាស សុផាត