ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទឹកប្រឡាយ កៀបជាប់ក្នុងការប៊ិនឈ្លក់ទឹកស្លាប់

ចែករំលែក៖

ខេត្តព្រៃវែងៈ អ្នកបើកបររថយន្តធុនធំម្នាក់ បានឈ្លក់ទឹកស្លាប់ភ្លាមៗ ក្រោយពីបើករថយន្តទាំងងងុយដេក បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវ ហើយក្រឡាប់ចូលប្រឡាយទឹក និងកៀបជាប់ខ្លួនក្នុងការប៊ិនរើពុំរួច ក៏ឈ្លក់ទឹកស្លាប់តែម្ដង។កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃ៩កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ក្នុងភូមិវៃវេទឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងប្រភេទកុងតឺន័រ សណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣D-២២៧៣ បើកបរដោយ ឈ្មោះ ឈឿន ងួនហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តធុនធំ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ បុរសនេះបាន បើកបររថយន្តកុងតឺន័រក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ហើយរេពេញផ្លូវ សង្ស័យអ្នកបើកបរងងុកដេកតែម្តង។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូត រថយន្តធ្លាក់ពីផ្លូវក្រឡាប់ផ្ងារជើងចូលក្នុងទឹក និងកៀបជាប់អ្នកបើកបររូបនេះនឹងចង្កួត បណ្តាលឲ្យស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័មតែម្តង ។

ក្រោយកើតហេតុប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចប្រញាប់ប្រញាល់ នាំគ្នាគាស់ទ្វារថយន្តយកជនរងគ្រោះចេញមកក្រៅ ដើម្បីសង្គ្រោះ តែក្រោយមកទើបដឹងថា ជនរងគ្រោះបាតបង់ជីវិតទៅហើយ ក៏យកសពតម្កល់រង់ចាំទាក់ទងក្រុមគ្រួសារនកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖