កូរ៉េខាងត្បូង៖ ប្រភពព័ត៌មានពីស្ថានទូតខ្មែរប្រចាំកូរ៉េឲ្យដឹងថា នាពេលថ្មីនេះ ពលការិនីខ្មែរចំនួន៣នាក់ ដែលកំពុងបម្រើការងារផ្នែកកសិកម្មនៅតំបន់មីលយ៉ាង ប្រទេសកូរ៉េខាងត្បូង បានរងនូវការធ្វើបាបយ៉ាងខ្លាំងពីថៅកែ ដោយរំលោភបំពានរាងកាយធ្ងន់ធ្ងរ ប៉ុន្តែនៅពេលនេះ ត្រូវបានក្រុមការងាររបស់ស្ថានទូតខ្មែរ ប្រចាំកូរ៉េខាងត្បូង ជួយធ្វើអន្តរាគមន៍បានហើយ និងកំពុងជួយរកកន្លែងធ្វើការថ្មីឲ្យពួកគាត់ធ្វើទៀត ។
ឯកអគ្គរាជទូតខ្មែរ នៅកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃសុក្រ១០កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះថា បន្ទាប់ពីទទួលបានព័ត៌មានតាមការចែកចាយបន្ដគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ក្រុមការងារស្ថានទូតរបស់យើង បានចុះសាកសួរព័ត៌មាន និងសុខទុក្ខបងប្អូនពលការិនីទាំងនេះ ដែលមានឈ្មោះ ថៃ សម្ជស្ស, ងួន សារ៉ាត និង ឡេត សុខឡា ខណៈមានបញ្ហាការងារធ្ងន់ធ្ងរជាមួយថៅកែ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្អូនស្រីទាំង៣នាក់ បានមកដល់ទីក្រុងស៊ូវ៉ុន ដោយសុវត្ថិភាពហើយ។ ទន្ទឹមនេះក្រុមការងារស្ថានទូត បានសហការជាមួយក្រុមអ្នកច្បាប់កូរ៉េ បានទាមទារឲ្យថៅកែស៊ីញ៉េ អនុញ្ញាតចេញដើម្បីប្ដូរកន្លែងការងារ ហើយពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីរៀបចំដោះស្រាយតាមនីតិវិធី។ ប្អូនៗពលការិនីទាំង៣នាក់ ត្រូវបានក្រុមការងារណែនាំឲ្យផ្ទះស្នាក់នៅ បណ្ដោះអាសន្នរបស់ក្រសួងការងារ និងស្ថានទូត ក្នុងអំឡុងពេលប្ដូរការងារ ហើយថ្ងៃអាទិត្យ ឬថ្ងៃចន្ទសប្ដាហ៍នេះ ប្អូនស្រីទាំង៣នាក់ នឹងទៅដាក់ពាក្យរកការងារថ្មី នៅតាមមជ្ឈមណ្ឌលគាំពារពលករបរទេស»វិញ។
ការចាត់ចែងរបស់ស្ថានទូតខ្មែរ នៅកូរ៉េខាងត្បូងនេះ ដោយយោងតាមខ្លឹមសារលើហ្វេសប៊ុករបស់ពលការិនីខ្មែរម្នាក់រៀបរាប់ពីភាពវេទនាណាស់ សម្រាប់រស់នៅធ្វើការជាមួយថៅកែជនជាតិកូរ៉េរូបនេះ ដោយបានធ្វើបាបរហូតរំលោភបំពានរាងកាយ ដោយកេងប្រវ័ញ្ចកម្លាំងពលកម្មការងារ ថែមទាំងហៅថៅកែរូបនេះថា ជាជនតិរច្ឆានទៀតផង ។ ក៏នៅមានការរៀបរាប់ភាពវេទនាជាច្រើនទៀតពីសំណាក់ពលការិនី២នាក់ទៀត ដែលធ្វើការនៅជាមួយថៅកែកែម្នាក់នេះដែរ ៕ ប្រាថ្នា