ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌាលើកទី៤

ចែករំលែក៖

ប្រទេសឥណ្ឌា៖ នៅព្រឹកថ្ងៃ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលរាក់ទាក់បំផុតពី លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind និង លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi រួមទាំង មន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលឥណ្ឌាជាច្រើនរូបទៀត។

នេះគឺជាលើកទី៤ហើយនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី មកកាន់សាធារណរដ្ឋឥណ្ឌា។ កន្លងទៅទស្សនកិច្ចលើកទី១គឺនៅឆ្នាំ១៩៨១, លើកទី២ នៅថ្ងៃទី១៧-១៩ កុម្ភះ ឆ្នាំ២០០០ និងលើកទី៣ គឺនៅថ្ងៃទី០៧-៩ ខែធ្នូ ឆ្នាំ២០០៧ ។

កម្ពុជា និងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតចាប់តាំងពីថ្ងៃទី៣០ ឧសភា ឆ្នាំ១៩៥២ មកម៉្លេះ ប៉ុន្តែជាអកុសលគឺនៅឆ្នាំ១៩៧៥ ប្រទេសយើងត្រូវបានបំផ្លេចបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត ហើយទំនាក់ទំនងការទូតក៏ត្រូវបានកាត់ផ្ដាច់។ រហូតមកដល់ឆ្នាំ១៩៨១ កម្ពុជា និងឥណ្ឌា ត្រូវបានតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ហើយពេលនោះគឺជាឆ្នាំនៃដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសឥណ្ឌាផងដែរ។

បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញដាក់កម្រងផ្កាស្កូបរំលឹកវិញ្ញាណខ័ន្ទ លោក មហាត្មៈ គន្ធី ដែលជាអតីតវិរៈបុរសរបស់ប្រជាជនឥណ្ឌា ដែលបានទាមទារសេរីភាព និងឯករាជ្យជូនប្រជាជាតិឥណ្ឌាទាំងមូលពីអាណានិគមអង់គ្លេស។
តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីអញ្ជើញដាក់កម្រងផ្កា ស្កូបរំលឹកវិញ្ញាណខ័ន្ទ លោក មហាត្មៈ គន្ធី រួចសម្ដេចតេជោ នាយករដ្ឋមន្ត្រីនឹង ជួបប្រជុំទ្វេភាគីជាមួយរដ្ឋម្ត្រីការបរទេសឥណ្ឌា កិច្ចប្រជុំទ្វេភាគី ជំនួបសម្ដែងការគួរសមជាមួយអនុប្រធានាធិបតីឥណ្ឌា ជំនួបសម្ដែងការគួរសមជាមួយប្រធានាធិបតីឥណ្ឌា និងកម្មវិធីចុងក្រោយគឺជាវេទិកាធុរកិច្ចកម្ពុជា-ឥណ្ឌា៕


ចែករំលែក៖