ព័ត៌មានទាន់ហេតុការណ៍៖

សល់៣ខែចូលរោងការ ស្រាប់តែចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ស្លាប់ចោលអនាគតស្វាមី

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយយកកំណាត់ពណ៌ខ្មៅ មកចងភ្ជាប់ជាមួយនឹងចម្រឹងបង្អួច បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ទាំងដែលនាងនិងបុរសជាអនាគតស្វាមី ជិតដល់ថ្ងៃចូលរោងការហើយ នៅក្នុងខែមេសាខាងមុខនេះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលលេខ៧ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពនារីរងគ្រោះមានឈ្មោះ ស៊ុន សូភាព ភេទស្រី អាយុ២០ឆ្នាំជាង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង។

តាមការរៀបរាប់របស់បុរសជាអនាគតស្វាមី ដែលត្រៀមនឹងចូលរោងការនៅខែ៤ខាងមុខ ឈ្មោះ ឈឹម សុផាន អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខហាងកាហ្វេនិងឈ្លៀតពេលរត់ឌុប ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានស្រឡាញ់និងទាក់ទងគ្នា ជាង១ឆ្នាំហើយ និងត្រៀមចូលរោងការនៅខែ៤ខាងមុខ ។ រយៈពេលចុងក្រោយនេះ អនាគតភរិយាដែលជាជនរងគ្រោះ កើតមានជំងឺបេះដូងឧស្សាហ៍ធ្វើទុក្ខ ទើបគាត់ជាអនាគតស្វាមី ព្យាយាមហាមឃាត់មិនឲ្យនារីរងគ្រោះដើរលេងឬផឹកស៊ីផ្តេសផ្តាសជាមួយមនុស្សមិនល្អ តែបែរជាអនាគតភរិយារបស់គាត់ គិតខ្លី ដោយយកកំណាត់ពណ៌ខ្មៅ ចងភ្ជាប់នឹងចម្រឹងបង្អួច ចងកសម្លាប់ទៅហើយដោយបានចាក់គន្លឹះទ្វានៅខាងក្នុង។ លុះដល់ម៉ោងកើតហេតុ ទើបគាត់បានដឹងប្រញាប់មកមើល និងផ្លោះតាមចូលតាមដំបូលមកជួយស្រាយអនាគតភរិយារបស់គាត់ចុះដើម្បីជួយសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយមិនដឹងតាំងពីពេលណាមកនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ សហការជាមួយជំនាញផ្នែកកោសល្យវិច័យ បានចុះមកពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ តាឡឹម


ចែករំលែក៖