ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្នុងវង់ផឹកស៊ី អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលគុក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសជាទម្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ ក្រោយពីផ្ទុះជម្លោះពាក្យសម្តីដាក់គ្នាក្នុងវង់ផឹកស៊ី ឈានដល់អំពើហិង្សាកើតឡើង ។ បុរសដែលឈ្នះក្នុងករណីហិង្សានេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះ​បញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។

ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាល ស្រុកបានប្រាប់កសែតនគរវត្តថា ជនបង្កមានឈ្មោះរស់ ពន្លឺ ហៅជា អាយុ៣៥ឆ្នាំ មាន ស្រុកកំណើត ភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងពឹស ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះមានឈ្មោះស៊ុំ ទិតសុភារះ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ។

ប្រភពបន្តថា ជនរងគ្រោះបានរងរបួស៤កន្លែងគឺត្រូវត្រចៀកខាងស្តាំ១កាំបិត ត្រូវក្រោយត្រចៀកខាងស្តាំ ១កាំបិត ដាច់លើស្មាខាងឆ្វេង១កាំបិត និងត្រូវម្រាមដៃខាងស្តាំ១កាំបិត។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុគឺមកពីមានទំនាស់ពាក្យសំដីព្រមទាំងស្រវឹងស្រាជោកផងទើបបង្កឲ្យមានករណីហិង្សានេះកើតឡើង។

ក្រោយពីសាកសួររួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះពន្លាបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋានននគរបាល ស្រុកកំពង់រោទ៏ចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖