ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោបង្ក្រាបក្រុមជនសង្ស័យលួចរថយន្តនិងកាច់សោ.កម៉ូតូយ៉ាងសកម្មក្នុងរាជធានីបាន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាពីលោកស្នងការ ក៏ដូចជាលោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរលួចរថយន្ត និងកាច់សោ.កម៉ូតូយ៉ាងសកម្មឃាត់ខ្លួន៣នាក់កាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជឹម ស៊ីថាបានប្រាប់ឲ្យថា ជនសង្ស័យ ឈ្មោះ ធី សំណាង ហៅសី ហៅអោ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៣២ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ , ឈ្មោះ អ៊ុច ផន ហៅសាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់សួគ៌លាភ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ ស៊ឹម សុភា ហៅផាន់ ហៅទីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចដកហូត ស្លាកលេខរថយន្តចំនួន២គូ (មានលេខកំពង់ឆ្នាំង2A-0162 ចំនួន១គូ និងលេខ ភ្នំពេញ 2I-4618 ចំនួន១គូ ) ,ដែកជ្រុងចុងសំប៉ែត្រស្រួចចំនួន៣, សោ ខ្សៀផ្សារភ្ជាប់ដងកញ្ចក់ម៉ូតូ ចំនួន១ , សោ លេខ៨ចំនួន២ , សម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន ,ម៉ូតូម៉ាកស្មាសពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1E-7118 ចំនួន១គ្រឿង ,ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0502 ចំនួន១គ្រឿង ,រថយន្តម៉ាក TOYOTA SOLUNA ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6901 ចំនួន១គ្រឿង។

លោកបន្តថា សមត្ថកិច្ចល្បាតក្នុងភូមិសាស្ត្រដល់ចំណុចផ្លូវបេតុង៣០ម៉ែត្រឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0502តាមផ្លូវបេតុង៣០ម៉ែត្រខាងលើ ពីជើងទៅត្បូង សមត្ថកិច្ចសង្ស័យហៅឈប់ត្រួតពិនិត្យឃើញវត្ថុតាង ដែកជ្រុងចុងសំប៉ែត ស្រួចចំនួន៣ដើមលាក់ទុកក្នុងចង្កេះខោលីអូរបស់ជនសង្ស័យឈ្មោះ អ៊ុច ផន ហៅ សាន់, សោ ខ្សៀផ្សាភ្ជាប់ដងកញ្ចក់ម៉ូតូចំនួន១ នៅក្នុងចង្កេះ ខោរបស់ឈ្មោះ ធី សំណាង ហៅ សី ហៅ អោ ទើបសមត្ថកិច្ចឃាត់ខ្លួន រួមនិងវត្ថុតាងសាកសួរ។

ក្រោយពីសាកសួរ សមត្ថកិច្ចបានបន្តឃាត់ខ្លួនម្នាក់ទៀតឈ្មោះ ស៊ឹម សុភា ហៅ ផាន់ ហៅ ទីន ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ដកហូតបាន ម៉ូតូម៉ាកស្មាសពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1E-7118 ចំនួន១គ្រឿងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។

ជនសង្ស័យឆ្លើយថា ពួកគេជិះម៉ូតូម៉ាកខាងលើ ឌុបគ្នាដើម្បីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ និងលួចរថយន្ត របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចចុះឆែកឆេរនៅបន្ទប់ផ្ទះសំណាក់សួគ៌លាភ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជនសង្ស័យឈ្មោះ អ៊ុច ផន ហៅ សាន់ ជួលស្នាក់នៅ ដកហូតបានវត្ថុតាងមាន៖ ស្លាកលេខរថយន្ត ចំនួន២គូ ,សម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន ,សោលេខ៨ ចំនួន២ ,រថយន្ត១គ្រឿង ម៉ាក TOYOTA SOLUNA ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AG-6901យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងទៅកាន់តុលាការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖