ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកឡានលឿនបុកផ្ទះពលរដ្ឋរបួសធ្ងន់អ្នកបើកបរ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ដ៏រន្ធត់បង្កដោយបុរសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក ធុនត្រា ល្បឿនយ៉ាងលឿន ដល់ផ្លូវកោងបុកចូលផ្ទះពលរដ្ឋខូចខាតទាំងរថយន្តបង្ក និងផ្ទះពលរដ្ឋ រីឯអ្នកបើកបរឡានបង្ករបួសធ្ងន់ ។ ប៉ុន្តែម្ចាស់ផ្ទះរងគ្រោះមិនមានគ្រោះថ្នាក់អ្វីនោះទេ។

សាក្សីឲ្យដឹងថា បុរសម្នាក់ស្រវឹងស្រា បើកឡានស្លាកលេខ ភ្នំពេញ 2AA-7789 ពណ៌ខ្មៅ ក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវកោងបុកចូលផ្ទះពលរដ្ឋ ធ្លុះទ្វារដេក ហើយឡានបង្កខូចខាតយ៉ាងដំណំ និងរបួលអ្នកបើកបរយ៉ាងធ្ងន់ធ្ងរ ត្រូវពលរដ្ឋនាំគ្នាវាយបំបែកកញ្ចក់ក្រោយរំដោះចេញ ហើយបញ្ចូនទៅកាន់មន្ទីរពេទ្យពន្លឺ។

សមត្ថកិច្ចមូលដ្ឋានមកដល់ទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ ។

ករណីមួយនេះកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះប្រជាពលរដ្ធ លេខ១៨១ តាមបណ្តោយផ្លូវបេតុងលេខ ៣១ BT ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ ភារ៉ាដង្កោ


ចែករំលែក៖