ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាក អូឌីQ7 បើកបុកជាមួយរថយន្តតូយ៉ូតា កាមរី ចំពីចហៀង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ113 កែងផ្លូវលេខ365 ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាក្សីឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក អូឌីQ7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3113 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៥ ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតូយ៉ូតា កាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2H-2604 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម និងមិនប្រយ័ត្នដូចគ្នា ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក អូឌីQ7 បុករថយន្តកាមរីចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរី ខូចខាតទ្វាមួយចំហៀងផ្នែកស្ដាំ និងវៀចកង់មុខផ្នែកខាងស្ដាំជាខ្លាំងផងដែរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានចុះនិយាយគ្នា ដើម្បីដោះស្រាយ តែភាគីទាំងពីរ គិតថាខ្លួនត្រូវរៀងៗខ្លួន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងនោះជាខ្លាំង ទើបសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុ ។
ចុងក្រោយ សមត្ថកិច្ចជំនាញបានជួយសម្របសម្រួលភាគីទាំងពីរឲ្យត្រូវរូវគ្នានៅនិងកន្លែង ដោយភាគីខាងរថយន្តស៊េរីទំនើបម៉ាកOD Q7 ព្រមសងថ្លៃខូចខាតទៅលើភាគីរថយន្តកាមរី ចំនួន250$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ដង ៕ ភារ៉ា ដង្កោ