ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា មូលនិធិអារ៉ាប៊ីសាអូ៊ឌីត បានសន្យានៅតែបន្ដផ្ដល់ជំនួយហិរញ្ញប្បទានលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា តាមរយៈមនុស្សធម៌។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិអារ៉ាប៊ីសាអូ៊ឌីតសម្រាប់ការអភិវឌ្ឍ (SFD ) ដឹកនាំដោយ លោក យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម ជាវិស្វករ និងជាអគ្គនាយកមូលនិធិ ក្នុងឱកាសដែលលោក ដឹកនាំគណៈ ប្រតិភូ មកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្ដិភាព។
តាមការបញ្ជាក់របស់លោក យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម បានបញ្ជាក់ថា មូលនិធិអារ៉ាប៊ីសាអូ៊ឌីត SFD បង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ដែលផ្ដើមថវិកាចំនួន៣១ពាន់លានរីយ៉ាល ប្រមាណជាង៨ពាន់លានដុល្លារ។
មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងរួមចំណែកផ្តល់ជំនួយហិរញ្ញប្បទាន គម្រោងអភិវឌ្ឈន៍នៅតាមប្រទេសកំពុងអភិវឌ្ឈន៍ តាមរយៈជំនួយ កម្ចី ជំនួយបច្ចេកទេស ដែលមកដល់បច្ចុប្បន្ន SFD បានផ្ដល់ ថវិកា ៥១,៤៤៥.៦៩លានរីយ៉ាល ប្រមាណជាង១៣ពាន់លានដុល្លារ នៅ៨២ប្រទេស មាន៦០៩គម្រោង ក្នុងនោះមាននៅអាស៊ី២៩ប្រទេស ដែលមានប្រទេសអាស៊ាន៦ ប្រមាណជាង៥៧៧លានដុល្លាររួមមាន៖ ឥណ្ឌូណេស៊ីជាង២៩៧លានដុល្លារ, វៀតណាមជាង១១៣លានដុល្លារ, ម៉ាឡេស៊ីស្មើនឹងជាង១០០លានដុល្លារ, ប្រទេសថៃជាង៤៦លានដុល្លារ, ហ្វីលីពីនជាង២០លានដុល្លារ និងមីយ៉ាន់ម៉ាជាង៨០ម៉ឺនដុល្លារ។
លោក យូសូហ្វ អ៊ីប្រាហ៊ីម អាល់បាស្សាម បានចាត់ទុកកម្ពុជាគឺជាប្រទេសគោលដៅលេខរៀងទី៨៣ ក្នុងបេសកកម្មផ្តល់ជំនួយហិរញ្ញប្បទាន ដែលគោលការណ៍ចម្បងគឺ SFD ផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន សំណង់អគារផ្សេងៗ និងបរិក្ខាប្រើប្រាស់ចាំបាច់នៃវិស័យនានា។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជំនួបពិភាក្សារវាងភាគីកម្ពុជា នឹងអារ៉ាប៊ីសាអូ៊ឌីតពេលនេះ គឺដើម្បីសិក្សាពីគម្រោងចាំបាច់មួយចំនួន និងពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានដល់ភាគីកម្ពុជា ក្រៅពីលោកទទួលជួបដោយផ្ទាល់នៅវិមានសន្តិភាព លោកក៏បានរៀបចំឲ្យមានជំនួបពិភាក្សាការងារជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ មួយចំនួនរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងនោះដែរ ក៏មានរៀបចំឲ្យមានជំនួបនៅមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ដើម្បីពិនិត្យលទ្ធភាពដែលអាចផ្តល់ជំនួយផ្នែកណាមួយជូនសហគមន៍ខ្មែរអ៊ិស្លាមផងដែរ។
លោក អូស្មាន ហាស្សាន់ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលកំពុងបំពេញបេសកកម្មផ្លូវការសាធារណរដ្ឋឥណ្ឌា។
លោកក៏បានថ្លែងអំណរគុណ ដល់គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំក្រសួង នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះការបោះជំហានទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីឲ្យកាន់តែរឹងមាំ និងយូរអង្វែងបន្តទៀត៕ សំរិត