ភ្នំពេញ៖ តារាសម្តែងហង្ស ម៉ារីនី បង្ហើបថានឹងនឹងចូលរោងកាជាមួយគូស្នេហ៍ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងប្រកាសថា នឹងគ្រោងអញ្ជើញតាស៊ីក្លូចូលរួមអាពាហ៍ពិពាហ៍ខ្លួន ដោយមិនឲ្យចងដៃ។
ការប្រកាសនេះធ្វើឡើងក្រោយពីតារាចិត្តធម៌រូបនេះ បង្ហាញវត្តមានជាថ្មីដោយចុះចែកអំណោយក្រុមអ្នកធាក់ស៊ីក្លូព្រមទាំងពលរដ្ឋក្រីក្រ ជិត៤០០នាក់ មកទទួលអំណោយនៅហាងលក់វត្ថុអនុស្សាវរីយ៍របស់នាង ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំង ខាងក្រោយសាលា ACE សម្ដេចប៉ាន កាលពីចុងសប្តាហ៍នេះ។
នាងបញ្ជាក់ថា ពេលនេះ “មូលនិធិកម្ពុជា”របស់ក្រុមនាងដែលមានសមាជិកភាគច្រើនជានិស្សិត បានធ្វើសកម្មភាពសប្បុរសធម៌តាំងពីឆ្នាំ២០១៣មក គឺបានធ្វើសកម្មភាពមិនក្រោម៥០លើកឡើយ ដែលភាគច្រើន គឺធ្វើសកម្មភាពជាមួយក្រុមពលរដ្ឋក្រីក្រ ជាពិសេសជាមួយក្រុមអ្នកធាក់ស៊ីក្លូ ដូចជាការពិសាអាហារជុំគ្នា ចុះចែកអំណោយ នាំតាស៊ីក្លូទៅញ៉ាំភីហ្សា ជាដើម។
តារាស្រីរូបនេះបន្តថា ដោយសារតែសកម្មភាពទាំងអស់នោះ ធ្វើឲ្យនាងដក់ជាប់ក្នុងអារម្មណ៍ រហូតមានបំណងថា ប្រសិននាងរៀបការ នឹងអញ្ជើញតាៗធាក់ស៊ីក្លូនូវចំនួនណាមួយ ទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ដោយមិនឲ្យចងដៃនោះទេ។ ជាមួយគ្នានោះ សូម្បីតែការថត Pre-wedding នាងក៏គ្រោង ថតជាមួយស៊ីក្លូដូចគ្នា។ ទោះបីជាមានគម្រោងបែបនេះក្ដី ហង្ស ម៉ារ៉ានី មិនបានបញ្ជាក់ប្រាប់ថ្ងៃខែចូលរោងការពិតប្រាកដជាមួយគូដណ្ដឹងរបស់ខ្លួននៅឡើយទេ ដោយនាងថា ទុកពេលរកស៊ីឲ្យសល់ប្រាក់សិន។
បច្ចុប្បន្នពួកគេកំពុងតែបោះទុនរកស៊ីជាមួយគ្នា តាំងពីចាប់ផ្ដើមដាក់ចិត្តស្រលាញ់គ្នាហើយក៏កំពុងដំណើរការល្អគួរសមដែរ។
នាងមិនបារម្ភពីចំណងស្នេហ៍របស់នាងខ្លាចថ្ងៃក្រោយប្រេះឆាឡើយ ទោះបីជាបន្តនៅច្រើនឆ្នាំក្ដី ដោយនាងគិតយ៉ាងខ្លីថា បើគូពិតមែន ច្បាស់ជាមិនព្រាត់ឡើយ។ ក្រោយពីរៀបការរួច តារាស្រីរូបនេះ បញ្ជាក់ប្រាប់ថា ខ្លួននៅតែបន្តការងារសិល្បៈ និងការងារសប្បុរសធម៌ដែលធ្លាប់ធ្វើកន្លងមកដដែល ត្បិតអីការងារទាំង២នេះ ជាចំណង់ចំណូលចិត្តរបស់នាង ហើយក៏ជាចំណែកមួយធ្វើឲ្យមហាជនស្គាល់នាង ងាយស្រួលក្នុងការរកស៊ីផងដែរ។
គួរបញ្ជាក់ដែរថា គូដណ្ដឹងរបស់នាង ត្រូវបានគេដឹងថា មានឈ្មោះ ភូ កែវសម្បត្តិ មានវ័យ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ អ្នកទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ ប៉ុន្តែចាប់ផ្ដើមស្រលាញ់គ្នាជាង១ឆ្នាំនេះប៉ុណ្ណោះ។ ការសម្រេចចិត្តជ្រើសរើសយកលោក ភូ កែវសម្បត្តិ ជាគូអនាគត ត្រូវបាននាងបញ្ជាក់ប្រាប់ថា ក៏ព្រោះតែបុរសម្នាក់នោះជាមនុស្សសាមញ្ញ មានទឹកចិត្តល្អ ចេះជួយអ្នកក្រីក្រដូចនាង ជាងនេះទៅទៀតបុរសម្នាក់នោះតែងយកអាសានាង មិនចេះរអ៊ូរទាំ និយាយរួមទឹកចិត្តអាចរស់នៅជាមួយគ្នាបានទៅថ្ងៃអនាគត៕ វឌ្ឍនា