ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបាឡែនទំនងជាងោកមួយភាំងខណៈបើកបរក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុករថយន្តប្រាដូរចតទុកចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តខ្លួនឯងរងការខូចខាតផ្នែកខាងមុខរួញ និងផ្ទុះពោងផងដែរ និងបណ្តាលឲ្យរងគ្រោះក្រពឹតផ្នែកខាងក្រោយ តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ។
ហេតការណ៍កើតឡើងនៅវេលាម៉ោងជិតព្រឹក ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោមដើមពោធិសួនច្បារវិមានឯករាជ្យ ផ្លូវព្រះសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក LAND RUISER PRADO ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ២AI-៥០៨០ មួយគ្រឿង ជារបស់បុរសវ័យចំណាស់ម្នាក់ បានបើកយកមកចតទុកចោលនៅលើចិញ្ចើមផ្លូវក្រោមដើមពោធិ៍ រួចក៏ដើរទៅហាត់ប្រាណបាត់ ។ មួយសន្ទុះ មានរថយន្តម៉ាកតូយ៉ូតាកាម៉ារីមបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4728 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនរេចង្កូតបុករថយន្តម៉ាក PRADO ចំពីក្រោយពេញទំហឹង បណ្តាលឲ្យក្រពឹតរួញផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាព ចំណែកឯរថយន្តរបស់អ្នកហាត់ប្រាណនោះក៏ក្រពឹតផ្នែកខាងក្រោយតែមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
សមត្ថកិច្ចមូលដ្ឋានចុះមកសម្របសម្រួលឲ្យចរចាគ្នា ហើយភាគីម្ចាស់រថយន្ត PRADOទារសំណង១៥០០ដុល្លារ ភាគីរថយន្តបាឡែនសុំសងចំនួន៣០០ដុល្លារ ក្រោយពេលនិយាយគ្នាអស់រយៈពេលជាងមួយម៉ោង ទើបយល់ព្រមគ្នាត្រឹមយករថយន្តយកទៅជួសជុលឲ្យដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ ជ្រោយពេជ្រ