ភ្នំពេញ៖ ទោះជាមានការកោះប្រជុំណែនាំច្រើនលើកច្រើនសារពីបញ្ហាសណ្តាប់ធ្នាប់នៅលើផ្លូវជាតិលេខ១ ចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ដែលបង្កឡើងដោយរថយន្តតាក់ស៊ីឈប់ចតនៅចិញ្ចើមផ្លូវ និងអ្នករត់ចាប់ម៉ូយប្រសេចប្រសាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាថ្មីម្តងទៀត ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបានស្នើឲ្យគណៈអភិបាល និងកម្លាំងសមត្ថកិច្ចទាំង២ប្រភេទគួរតែមានវិធានការតឹងរ៉ឹងទៅលើអ្នករត់ចាប់ម៉ូយដាក់រថយន្តតាក់ស៊ី ដែលឈប់ចតក្រៅបេនបែជាយកចិញ្ចើមផ្លូវជាតិធ្វើជាចំណតទៅវិញ ដោយឡែកបញ្ហាសំរាម និងការគ្រប់គ្រឿងផ្ទុះ ក៏ត្រូវបានក្រុមប្រឹក្សាខណ្ឌលើកជាប្រធានបទនៅក្នុងកិច្ចប្រជុំផងដែរ ។
សំណូមពររបស់ក្រុមប្រឹក្សាស្នើឲ្យគណៈអភិបាលយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារបរិស្ថាននេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខណ្ឌកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ដោយមានការចូល រួមពីលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីឯក យ៉ានី អភិបាលរងតំណាងលោកអភិបាលខណ្ឌ , លោកចៅសង្កាត់ទាំង៨ រួមជាមួយមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់ ។
បន្ទាប់ពីស្តាប់ការលើកឡើងរបស់ក្រុមប្រឹក្សាពាក់ព័ន្ធបញ្ហាសណ្តាប់ បរិស្ថាន និងការពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានរួចមក លោកស្រីឯក យ៉ានី អភិបាលរងតំណាងលោកអភិបាលខណ្ឌបានបញ្ជាក់ថា បញ្ហាប្រឈម ដែលនៅសេសសល់ហើយត្រូវបានក្រុមប្រឹក្សាលើកយកមកធ្វើជាប្រធានបទដើម្បីដាក់ឲ្យគណៈអភិបាលអនុវត្តបន្ត លោកស្រី និងដាក់បញ្ចូលក្នុងកិច្ចប្រជុំគណៈអភិបាលដើម្បីពិនិត្យ និងអនុវត្ត ។
ក្នុងនាមគណៈអភិបាលសូមណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពមកពីគ្រប់សមាសភាព ធ្វើយ៉ាងណាត្រូវដាក់កម្លាំងប្រចាំការនៅតំបន់ស្មុគ្រស្មាញ ឲ្យបានជាប្រចាំ ប្រសិនបើកើតមានបាតុភាពមិនប្រក្រតីបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានឬនៅលើផ្លូវសាធារណៈត្រូវចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ចំពោះការងារសណ្តាប់ធ្នាប់ត្រូវធ្វើបន្តទៀតគ្រប់ផ្លូវទាំងអស់ ពិសេសផ្លូវជាតិលេខ១ ចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ។
ការងារសន្តិសុខសណ្តាប់ធ្នាប់នេះគឺជាការងាររបស់យើងទាំងអស់គ្នាមិនមែនជាការងារដាច់ដោយឡែករបស់គណៈបញ្ជាការឯកភាពខណ្ឌតែម្នាក់នោះទេ ពោលគឺជាការងារ ដែលត្រូវរួមគ្នាអនុវត្តជាប្រចាំ ជាពិសេសទាមទាឲ្យមានការចូលរួមពីប្រជាពលរដ្ឋទើបយើងអនុវត្តមានប្រសិទ្ធភាព ។
លោកស្រីអភិបាលរងខណ្ឌ បានបន្តថា ក្រៅពីការពង្រឹងសន្តិសុខនៅមូលដ្ឋាន សូមមន្ត្រីជំនាញនៅតាមការិយាល័យត្រូវយកចិត្តទុបំរើសាវ៉ាសាធារណៈជូនប្រជាពលរដ្ឋ ។ ក្នុងនោះដែរ ប្រសិនបើជាឯកសារងាយៗ ដូចជាសំបុត្រកំណើត និងសៀវភៅស្នាក់នៅជាដើម គឺត្រូវធ្វើជូនបងប្អូនក្នុងរយះពេលមិនដល់២ម៉ោងឡើយ ប៉ុន្តែក្នុងលក្ខខណ្ឌ ដែលបងប្អូនរវល់មិនអាចរងចាំបាន បងប្អូនអាចទុកលេខទូរស័ព្ទនៅអ្នក ដែលទទួលធ្វើសេវាឯកសារជូនបងប្អូនបាន ប្រសិនបើឯកសារនោះធ្វើរួចរាល់នៅពេលណាមួយ អ្នកបម្រើសេវា នឹងទំនាក់ទំនងទៅកាន់ទូរស័ព្ទផ្ទាល់របស់បងប្អូនឲ្យមកទទួលយកឯកសារ ដែលបានធ្វើរួច ។
ជាមួយគ្នានេះដែរ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាច្រើនទៀតក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ បើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌទេនោះគណៈបញ្ជាការឯកភាពខណ្ឌ និងមានវិធានការរដ្ឋបាលចំពោះទីតាំងណា ដែលដាក់របស់របរលក់ដូរនៅលើចិញ្ចើមផ្លូវ ៕ សណ្តោស